ថៃ នឹងទិញអគ្គិសនីពីឡាវ ប្រមាណ ៤០០មេហ្គាវាត់
សារព័ត៌មាន Cambodia News/
ថៃ (២១ មីនា ២០១៩) ៖ រដ្ឋមន្រ្តីក្រសួងថាមពលថៃ លោក Siri Jirapongphan បានបញ្ជាក់ថា ថៃ នឹងទិញអគ្គិសនីពីឡាវ ក្នុងគម្រោងពីរ ដែលមានទំហំ ៣០០ ទៅ ៤០០មេហ្គាវាត់។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
អាជ្ញាធរអគ្គិសនីថៃ (Egat) បានបន្តកិច្ចព្រមព្រៀងជាថ្មីជាមួយអគ្គិសនីឡាវ (EDL) ដើម្បីទិញថាមពលពីវារីអគ្គិសនីឡាវចំនួន២ គឺ Nam Ngum 1 និង Say-sed dams។ ការបន្តកិច្ចព្រមព្រៀងថ្មីនេះ ខណៈដែលកិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់នៅក្នុងខែមីនានេះ ប៉ុន្តែតម្លៃក៏ត្រូវគិតថ្មីផងដែរ។
ថៃ នឹងទិញអគ្គិសនីពីឡាវ ក្នុងតម្លៃ ១,៨បាត (ជាង ២២៧រៀល) ក្នុងមួយគីឡូវាត់ម៉ោង ក្នុងអំឡុងម៉ោងដែលមានការប្រើប្រាស់ច្រើន (Peak hours) និងតម្លៃ ១,៥៣បាត (ជាង ១៩៣រៀល) ក្នុងម៉ោងយប់ និងចុងសប្តាហ៍ (Off-peak hours)។ បើគិតជាមធ្យមគឺតម្លៃ ១,៦៣បាត (ជាង ២០៥រៀល)។ តាមកិច្ចព្រមព្រៀងចាស់ គឺតម្លៃ ១,៣៣បាត (ជាង ១៦៧រៀល) ក្នុងមួយគីឡូវាត់ម៉ោង៕
ប្រភព៖ Bangkokpost