ធ្លាក់យន្តហោះអេត្យូពីជាមួយមនុស្សជិះ១៥៧នាក់
សារព័ត៌មាន Cambodia News/
អេត្យូពី (១១ មីនា ២០១៩) ៖ ប្រទេសអេត្យូពី យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ETHIOPIAN AIRLINES ដែលដឹកអ្នកដំណើរ១៤៩នាក់និងសមាជិកក្រុមយានិក៨នាក់ ហោះទៅកាន់ទីក្រុងណៃរ៉ូប៊ីរដ្ឋធានីកេនយ៉ា បានធ្លាក់នាថ្ងៃទី១០មីនា។ នេះជាការអះអាងរបស់ក្រុមហ៊ុនអាកាសចរណ៍នោះ ក្នុងសេចក្ដីប្រកាសមួយ ដែលពុំទាន់អាចបញ្ជាក់ពីព័ត៌មានទាក់ទិននឹងអ្នកដែលអាចនៅរស់រានមានជីវិត និងពីជនរងគ្រោះស្លាប់នៅឡើយ។
យន្តហោះប៊ូអីុង737-800MAXបានធ្លាក់នាថ្ងៃទី១០មីនា នៅជិតទីក្រុងBISHOFTU ចម្ងាយ៦២គីឡូម៉ែត្រពីរដ្ឋធានីអេត្យូពីក្រុងអាឌីអាបេបា។ យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុននោះថា ប្រតិបត្តិការជួយសង្គ្រោះនិងរុករកកំពុងតែធ្វើ។ នៅពុំទាន់មានព័ត៌មានពីចំនួួនអ្នកស្លាប់ឬអ្នកដែលអាចនៅរស់រានមានជីវិតនៅឡើយ។ យន្តហោះនោះបាត់ការទាក់ទង៦នាទីក្រោយការហោះចេញពីព្រលានយន្តហោះអន្តរជាតិក្រុងអាឌីអាបេបា៕