សម្តេចតេជោ ៖ ដកតំណែងមន្ត្រីម្នាក់ ប្រើពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មីនា ២០១៩) ៖ ក្នុងឱកាសដែលសម្តេច និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន សាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងផ្តាំផ្ញើទៅកាន់មន្ត្រីទាំងអស់ឲ្យមានការប្រយ័ត្នប្រយ៉ែង ចំពោះការងាររបស់ខ្លួន ហើយថ្លែងទៀតថា សម្តេចគ្មានចាំបាច់សួរនាំ រដ្ឋមន្ត្រីអ្វីនោះទេ គឺសម្តេចត្រូវការពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ អាចត្រូវដកតំណែងបានហើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មន្ត្រីគ្រប់រូបត្រូវអនុវត្តន៍ការងាររបស់ខ្លួន ដោយត្រូវយកបាវចនាចំនួន២ និងអភិក្រមទាំង៥ មកដាស់តឿនខ្លួនជានិច្ច។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយហើយថា បាវចនា២ អភិក្រម៥។ បាវចនា២ គឺកែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ លើមូលដ្ឋាននៃឯករាជ្យ និងអធិបតេយ្យភាពជាតិ។ អភិក្រមទាំង៥ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ហើយអាទិត្យកន្លងទៅ ក៏មានការវះកាត់ដែរ»៕