ករណីពុលស្រានៅឥណ្ឌា មនុស្សស្លាប់កើនឡើងដល់១៣៣នាក់ ខណៈជាង២០០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ
សារព័ត៌មាន Cambodia News/
ឥណ្ឌា ៖ យោងតាមសារព័ត៌មាន CNN បានចេញផ្សាយថា ចំនួនមនុស្សស្លាប់ដោយសារពុលស្រានៅក្នុងរដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌាបានកើនដល់១៣៣នាក់ហើយ ខណៈច្រើនជាង២០០នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។
អាជ្ញាធរឥណ្ឌាបាននិយាយថា មនុស្ស១០នាក់ក៏ត្រូវបានចាប់ខ្លួនយកមកសួរចម្លើយផងដែរ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការ លក់ស្រាក្លែងក្លាយខុសច្បាប់។ ប៉ុន្តែករណីពុលស្រាបែបនេះ មិនជារឿងថ្មីថ្មោងនៅប្រទេសឥណ្ឌានោះទេ ពោលគឺនៅក្នុងខែកុម្ភៈ នេះមនុស្សជិត១០០នាក់ បានស្លាប់នៅរដ្ឋ Uttar Pradesh និងរដ្ឋ Uttarakhand បន្ទាប់ពីពួកគេផឹកស្រាក្លែងក្លាយគ្មានច្បាប់អនុញ្ញាត។
ករណីនេះដំបូងដែលបានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានបង្ហាញថា ជនរងគ្រោះភាគច្រើនគឺជាអ្នកធ្វើការនៅសួនច្បារ ហើយមនុស្ស៨នាក់ត្រូវបានចាប់ខ្លួនដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ប៉ូលិសចំពោះការពុលនោះ ហើយស្រាចំនួន៤០០លីត្រត្រូវបានរឹបអូស៕