លោក Kim ធ្វើដំណើរតាមរថភ្លើងពីទីក្រុងព្យុងយ៉ាងសម្រាប់ជំនួបជាមួយលោក Trump ក្នុងទីក្រុងហាណូយ
សារព័ត៌មាន Cambodia News/
កូរ៉េខាងជើង (២៥ កុម្ភៈ ២០១៩) ៖ លោក Kim Jong Un កំពុងចាកចេញពីទីក្រុង Pyongyang តាមរថភ្លើងសម្រាប់ជំនួបកំពូលជាលើកទី២ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងទីក្រុងហាណូយ។
នៅក្នុងវីដេអូគេបានឃើញ លោក Kim កំពុងចាកចេញពីស្ថានីយរថភ្លើង Pyongyang កាលពីរសៀលថ្ងៃសៅរ៍ សម្រាប់ជំនួបកំពូលថ្ងៃទី២៧ និង២៨ ខែកុម្ភៈនេះ ដែលត្រូវបានអមដំណើរដោយក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប រួមទាំងប្រេសិតផ្នែកនុយក្លេអ៊ែរ លោក គីម យ៉ុងឆុល និងរដ្ឋមន្ត្រីការបរទេស លោក រីយ៉ុង ហូ ព្រមទាំងប្អូនស្រីរបស់លោកគឺលោកស្រី គីម យ៉ូជុង។
ក្រសួងការបរទេសវៀតណាមបានប្រកាសកាលពីព្រឹកថ្ងៃសៅរ៍ថា លោក Kim នឹងធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយមកកាន់ប្រទេសវៀតណាម ក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះតបតាមការអញ្ជើញរបស់លោក Nguyen Phu Trong ជាប្រធានាធិបតី និងជាអគ្គលេខាធិការបក្សនៃគណបក្សកាន់អំណាចកុម្មុយនិស្ត របស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ៕