ចំនួនមនុស្សស្លាប់ដោយស៊ូណាមិនៅឥណ្ឌូនេស៊ីកើនដល់១៦៨នាក់ និង៧៤៥នាក់រងរបួស
សារព័ត៌មាន Cambodia News/
ឥណ្ឌូនេស៊ី (២៤ ធ្នូ ២០១៨) ៖ រលកសមុទ្រធំៗដែលអាចបង្កឡើងពីការផ្ទុះភ្នំភ្លើងលើកោះមួយ បានសម្លាប់មនុស្សយ៉ាងតិច១៦៨នាក់ នៅចន្លោះច្រកសមុទ្រស៊ុនដារបស់ឥណ្ឌូនេស៊ី។មនុស្សប្រមាណ៧៤៥នាក់ទៀតក៏បានរងរបួសនិង៣០នាក់កំពុងបាត់ខ្លួនក្នុងគ្រោះមហន្តរាយដែលបានវាយប្រហារគ្មានការព្រមានជាមុនកាលពីយប់ថ្ងៃសៅរិ៍ទី២២ធ្នូ ។
ពួកអ្នកវិទ្យាសាស្ត្រមកពីទីភ្នាក់ងារភូមិសាស្ត្រនិងរញ្ជួយដីឥណ្ឌូនេស៊ីបាននិយាយថា វាអាចបង្កឡើងពីការបាក់ដីនៅបាតសមុទ្រដោយសារតែការផ្ទុះភ្នំភ្លើង អាណាកក្រាកាតាវ។ពួកគេក៏និយាយដល់ជំនោរសមុទ្របង្កឡើងដោយព្រះចន្ទពេញវង់ផងដែរ តំបន់រងគ្រោះខ្លាំងជាងគេគឺ ប៉ានដេកឡាង នៅខេត្តបាន់តេនលើកោះជ្វា ។
ក្នុងពេលជាមួយគ្នា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានសម្តែងការចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ និងបានបញ្ជាទៅបណ្តាទីភ្នាក់ងាររដ្ឋអោយឆ្លើយតបជាប្រញាប់ចំពោះគ្រោះមហន្តរាយនេះ៕