ក្រសួងមហាផ្ទៃនឹងបង្កើតការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាចំនួន៥នៅរាជធានី-ខេត្ត
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (១៤ ធ្នូ ២០១៨) ៖ ក្រសួងមហាផ្ទៃនឹងបង្កើតការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន៥ ដើម្បីបង្ក្រាបបទល្មើសនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃក្នុងពិធីផ្លាស់ប្តូរមុខតំណែងអភិបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា សម្តេចបានស្នើឲ្យបង្កើតការិយាល័យនេះ នៅតាមស្នងការនគរបាលរាជធានីខេត្ត ខណៈដែលផ្នែកប្រឆាំងបទ ល្មើសបច្ចេកវិទ្យានេះ មានតែនៅថ្នាក់អគ្គស្នងការនគរបាលជាតិប៉ុណ្ណោះ ដែលមិនទាន់មាននៅ ថ្នាក់ខេត្តនៅឡើយ ។ សម្តេចបន្ថែមថា ការិយាល័យដែលទើបសម្រេចបង្កើតនោះ រួមមាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ខេត្តស្វាយរៀង, ខេត្តព្រះសីហនុ ខេត្តសៀមរាប រួមនឹងខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នកំពុងតែរៀបចំរចនាសម្ព័ន្ធ និងកំពុងបណ្ដុះបណ្ដាលមន្ដ្រីជំនាញ ដើម្បីឈានទៅបើកជាបន្តបន្ទាប់ ។
បើតាមសម្តេចក្រឡាហោម ស ខេង ក្រោយពេលបង្កើតនៅតាមបណ្តារាជធានី-ខេត្តទាំង៥នេះ ហើយ ក្រសួងនឹងឈានទៅបង្កើតនៅគ្រប់ខេត្តទូទាំងប្រទេសតែម្តង។
សូមជម្រាបថា បើតាមរបាយការណ៍ បានបង្ហាញថា រយៈពេល ៤ឆ្នាំដោយគិតពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨នេះ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបនិងចាប់ខ្លួនជនជាតិចិន ជាង២ពាន់នាក់ ពាក់ព័ន្ធនឹងការឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ហើយត្រូវបានបញ្ជូនពួកគេ ទៅប្រទេសចិនវិញ៕