យន្តហោះ​ចំនួន ​៩ ​នឹង​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​យន្តហោះ ​និង​បច្ចេកវិទ្យា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៣ ធ្នូ ២០១៨) ៖ ​យន្តហោះ​ចំនួន ៩ ដែល​រួមមាន​ ទាំង ឧទ្ធម្ភាគចក្រ​ និង​យន្តហោះ​ឯកជន​ នឹងត្រូវ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ យន្តហោះ​ និង​បច្ចេកវិទ្យា​ក្នុង​រយៈពេល ​៣​ថ្ងៃ​ខាងមុខ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៤ រហូតដល់​ថ្ងៃទី ​១៦​ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ​។

លោក ឈី កុល​បុត្រា ប្រធាន​ក្រុមការងារ​រៀបចំ​ពិព័រណ៍ ​យន្តហោះ​និង​បច្ចេកវិទ្យា ​បាន​បញ្ជាក់​ថា​ យន្តហោះ​ទាំង ​៩​ដែល​នឹង​ដាក់​បង្ហាញ​រួមមាន ឧទ្ធម្ភាគចក្រ ​​ចំនួន​ ៥ និង​យន្តហោះ​ឯកជន​ចំនួន​ ៤​ផងដែរ ​ដោយ​ដាក់​បង្ហាញ​ក្នុង​រយៈពេល​ទាំង ​៣​ថ្ងៃ​នៃ​ពិព័រណ៍​។

លោក​ បន្តថា សម្រាប់​អ្នកចូលរួម​ទាំងអស់​ជាពិសេស​សិស្ស​និស្សិត ​នឹង​ទទួល​បាន​សារៈប្រយោជន៍ និង​ស្វែងយល់​កាន់​តែច្រើន​ពី​យន្តហោះ ​ដោយ​ក្នុង​ពិព័រណ៍​នេះ ​ក៏​នឹង​មាន​អ្នក​ជំនាញ​នៅចាំ​ពន្យល់​និង​ឆ្លើយ​សំណួរ រ​បស់​អ្នកចូលរួម​ផងដែរ​។

ក្រៅពី​ការ​តាំងពិព័រណ៍​យន្តហោះ ក៏​មាន​ការ​ដាក់​បង្ហាញ​ផលិតផល អេ​ឡិច​ត្រូ​និ​ច​ជា ​មនុស្ស​យន្ត ការ​សរសេរ​កូត ​សម្រាប់​កែច្នៃ​ផលិត​អេ​ឡិច​ត្រូ​និ​ច​ ដែល​សរុប​មាន​ចំនួន​១៦​ស្តង់​ផងដែរ​។​ ផ្សេង​ពីនេះ​ ក៏មាន​ការរៀបចំ​អោយមាន​ការប្រកួតប្រជែង ធ្វើ​យន្តហោះ​កៅស៊ូ និង​មាន​សិក្ខាសាលា​ផ្ដល់​ចំណេះដឹង​បន្ថែម​ទៅកាន់​អ្នកចូលរួម ​ទាក់ទង​នឹង​យន្តហោះ ការហោះហើរ​ បច្ចេកវិទ្យា​ផងដែរ​។​

​ការរៀបចំ​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​ រៀបចំឡើង​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ​និង​គាំទ្រ​ដោយ​កងទ័ព​ជើង​អាកាស ​និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​ប្រព្រឹត្តិ​ទៅក្នុង​រយៈ ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៤​ដល់​ថ្ងៃទី ១៦ ក្នុង​ទីតាំង​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង​៕

Related Articles

Back to top button
Close
Close