កិច្ចពិភាក្សាពីក្រមប្រតិបត្តិការរាយការណ៍ព័ត៌មានទាក់ទិននឹងអ្នករងផលប៉ះពាល់ដោយសារគ្រឿងញៀន
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយអង្គការខាណា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការពិភាក្សាពីក្រមប្រតិបត្តិសម្រាប់អ្នកសារព័ត៌មាន ក្នុងការរាយការណ៍ទាក់ទិននឹងអ្នកទទួលរងផលប៉ះពាល់ដោយសារគ្រឿងញៀន»នៅភោជនីយដ្ឋាន ទន្លេបាសាក់២ រាជធានីភ្នំពេញ។
នៅក្នុងកិច្ចពិភាក្សានេះដែរមានការអញ្ជើញចូលរួមពីសំណាក់លោក លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា, លោក ឆាយ សុផល នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា, លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា រួមទាំង និពន្ធនាយក និពន្ធនាយករង អង្គភាពសារព័ត៌មានជាច្រើននាក់ទៀតផងដែរ។
គោលបំណងក្នុងកិច្ចពិភាក្សានៅព្រឹកនេះគឺសម្រាប់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សាយព័ត៌មានគ្រប់ទម្រង់ទាំងសារព័ត៌មានក្រៅប្រព័ន្ធអ៊ីនធឺណីត (offline Nwes) និងសារព័ត៌មានក្នុងប្រព័ន្ធអ៊ីនធឺណីត (Online News) ដោយរួមទាំងអ្នកអាន ឬអ្នកធ្វើអត្ថាធិប្បាយព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន ជួយជំរុញសង្គមឱ្យកាត់បន្ថយការមាក់ងាយ និងការរើសអើងចំពោះអ្នកប្រើប្រាស់គ្រឿងញៀន ដែលជាជនរងគ្រោះនៃឥទ្ធិពល ឬការប៉ះពាល់នៃសារជាតិញៀន៕ ដោយ ហេង នាង