កប៉ាល់ទីតានិចទី២នឹងធ្វើតាមផ្លូវដូចគ្នានឹងកប៉ាល់ចាស់
សារព័ត៌មាន Cambodia News/
អូស្រា្តលី (២៥ តុលា ២០១៨) ៖ កប៉ាល់ទីតានិក២ របស់ក្រុមហ៊ុនអូស្ត្រាលី Blue Star Line នឹងត្រូវដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២២ ដោយចេញពីក្រុង Southampton នៃចក្រភពអង់គ្លេស ទៅកាន់ក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក កប៉ាល់ទីតានិកថ្មីនេះនឹងធ្វើដំណើរនៅលើផ្លូវរបស់កប៉ាល់ទីតានិចចាស់ ដែលបានលិចកាលពីឆ្នាំ១៩១២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Mirror។
តាមការឲ្យដឹងពីក្រុមហ៊ុន Blue Star Line ថា កប៉ាល់ទីតានិក២នេះ មានរូបរាងដូចគ្នាទៅនឹងកប៉ាល់ទីតានិកដើម ប៉ុន្តែវាមានបំពាក់បច្ចេកវិទ្យាទំនើបជាងមុនដើម្បីសុវត្ថិភាពកាន់តែប្រសើរ។ វាអាចផ្ទុកអ្នកដំណើរបានប្រហែល២៤០០នាក់ និងនាវិក៩០០នាក់។ ការផលិតកប៉ាល់ដដែលបានចាប់ផ្ដើមកាលពីឆ្នាំ២០១៣។
លោកបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយគម្រោងនេះត្រូវបានបញ្ចប់យ៉ាងសកម្មជាមួយនឹងការចាប់ផ្តើមឆ្នាំ២០២២ ទោះបីជាកាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ ទន្ទឹមនោះក្រុមហ៊ុនគ្រោងដាក់ទីស្នាក់ការនៅក្រុងប៉ារីស ប្រទេសបារាំង។
សូមជម្រាបថា កប៉ាល់ទីតានិកដំបូង បានលិចនៅមហាសមុទ្រអាត្លង់ទិច ដោយសារបុកជាមួយផ្ទាំងទឹកកក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២។ ឧបទ្ទវហេតុនេះ បានបណ្ដាលឲ្យអ្នកដំណើរ និងនាវិក ប្រមាណជា១៥០០នាក់បានបាត់បង់ជីវិត ក្នុងចំណោមអ្នកដំណើរសរុបចំនួន២២៤០នាក់៕