កម្ពុជា-តួកគី ឯកភាពជំរុញកំណើនពាណិជ្ជ កម្មនៃប្រទេសទាំងពីរ

សារព័ត៌មាន​ Cambodia News/

តួកគី (២២ តុលា ២០១៨) ៖ ​ក្នុងជំនួបកំពូលទ្វេភាគីនេះ​ថ្នាក់ដឹកនាំទាំងពីររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​ លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋតួកគីនារសៀលថ្ងៃទី២១​ ខែតុលា​  ​បានឯកភាពគ្នាក្នុងការជំរុញ កំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យឈានដល់១ពាន់លានដុល្លា នៅក្នុងពេលដ៏ ខ្លីខាងមុខ។

នៅក្នុងជំនួបនេះដែរ ​​លោកប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពគ្នាក្នុងការជំរុញផ្នែកធុរកិច្ច នៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបណ្តាក់ទុនវិនិយោគ លើវិស័យអាទិភាពចំពោះមុខរបស់កម្ពុជា ពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា​ ឲ្យមានការកើនឡើងរហូតដល់​១ពាន់​លានដុល្លារ នៅពេលខាងមុខ។

ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-តួកគី បានពិភាក្សាគ្នាយ៉ាងយក ចិត្តទុកដាក់ទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ការគាំទ្រពីគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអន្តរជាតិ ពិសេសធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធ ប្រឆាំង ឧក្រិដ្ឋកម្ម និងប្រយុទ្ធប្រឆាំងទៅនឹងបណ្តាញអង្គការភេរវកម្មអន្តរជាតិ។ ​

ដោយសារតែប្រទេសតួកគី បានបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ សម្តេច តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ជំរាបជូនលោកប្រធានាធិបតីថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុង ឆ្នាំ២០១៩ខាងមុខ តាម​រយ:​ការទិញដីសាងសង់ស្ថានទូតដោយផ្ទាល់ ដើម្បីបញ្ជាក់ពីឆន្ទះរបស់កម្ពុជាលើមូលដ្ឋាន នៃទំនាក់ទំនងយូរអង្វែងនៃប្រទេសទាំងពីរ៕

Related Articles

Back to top button
Close
Close