ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ តុលា ២០១៨) ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ ដែល នឹងធ្វើឡើងចាប់ពីថ្ងៃទី២៩ វិច្ឆិកា ដល់ ០១ ធ្នូ ឆ្នាំ២០១៨ និងមានបេក្ខជនចូលរួមប្រមាណ៥០០នាក់ ដែលត្រូវធ្វើដំណើរដោយថ្មើរជើងក្នុងរយៈចម្ងាយ៤០គីឡូម៉ែត្រ ដោយចាប់ផ្ដើមចេញពីចំណុចបរិវេណស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះ ទៅកាន់ទីតាំងវិមានអនុស្សាវរីយ៍២ធ្នូ។
ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ១៦ តុលា ដោយក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានលើកឡើងថា ការរៀបចំអោយមានព្រឹត្តិការណ៍៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិ សាស្ត្រនេះឡើង គឺស្របពេលនឹងខួបទី៤០ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងធ្វើឡើងក្នុងគោលបំណង អោយយុវជនសព្វថ្ងៃបានយល់ច្បាស់កាន់តែច្រើនពីប្រវត្តិសាស្ត្រ ក៏ដូចជាផ្ដល់តម្លៃនិងស្វែងយល់ពីភាពអង់អាច ព្រម ទាំងការលះបង់របស់យុវជនជំនាន់មុនផងដែរ។
ឯកឧត្ដមបន្តថា ក្រៅពីជំរុញអោយយុវជនយល់ដឹងនិងអោយតម្លៃកាន់តែខ្លាំងពីការលះបង់នៃវីរៈភាពយុវជនកម្ពុជា ជំនាន់មុន វាក៏ជាព្រឹត្តិការណ៍ដែលជំរុញដល់សមត្ថភាពរបស់យុវជនសព្វថ្ងៃ ក្នុងការតស៊ូ, មានភាពអត់ធ្មត់, ចេះដោះ ស្រាយបញ្ហាជាក់ស្ដែង, មានសាមគ្គីភាពដើម្បីសម្រេចគោលបំណងរួម ក៏ដូចជាហ្វឹកហាត់អោយយុវជនមានភាពរឹងមាំ ដើម្បីត្រៀមខ្លួននៅពេលសង្គមត្រូវការផងដែរ៕