អ្នកបើកបរបង្កគ្រោះ​​ថ្នាក់ច្រើននឹងត្រូវគេ​​ដាក់ចូលក្នុងបញ្ជីខ្មៅ

ដោយ៖ ហេង នាង

Cambodia News

អគ្គស្នងការនគរបាលជាតិបានព្រមានថា អ្នកបើកបរដែលបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើន នឹងត្រូវដាក់ចូលក្នុងបញ្ជីខ្មៅ។ ពួកគេអាចនឹងឈានទៅដល់ការបញ្ឈប់អាជីពជាអ្នកបើកបរមួយជីវិតតែម្តង។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សារឿន ថែ្លងនៅក្នុងកិច្ចប្រជុំមួយ កាលពីថៃ្ងទី១៣ សីហា ថា ដើម្បីទប់ស្កាប់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមាន ឡើងជារឿយៗ លោកសុំអោយតំណាង ក្រុមហ៊ុនដឹកដំណើរទាំងអស់បញ្ជូន ឈ្មោះអ្នកបើកបររបស់ខ្លួនរួមទាំងឯកសារនានាទៅអគ្គស្នងនគរបាលជាតិ និង ក្រសួង សាធារណៈការដើម្បីត្រួតពិនិត្យនិងបណ្តុះបណ្តាលអ្នកបើកបរបនែ្ថមទៀត។

លោកព្រមានថា អគ្គស្នងការនគរបាលជាតិគ្រោងនឹងរឹតបន្តឹងអ្នកបើកបរដោយត្រូវបញ្ចូលឈ្មោះអ្នកបង្កគ្រោះថ្នាក់ ច្រើនទៅក្នុងបញ្ជីខ្មៅ។ ក្នុងករណីមិនរាងចាល ពួកគេនឹងត្រូវហាមប្រាមមិនឲ្យបើកបរអស់មួយជីវិតសូម្បីតែរថយន្តផ្ទាល់ខ្លួនក៏ដោយ។

បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងតែពិភាក្សាដើម្បីធើ្វកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាងចំនួន៣គឺថៃ ឡាវ និងវៀតណាម ហើយនៅពេល ដែលកិច្ចព្រមព្រៀងធើ្វរួចរាល់ និងឈានទៅធើ្វប្រទេស ផ្សេងៗទៀត បន្ទាប់មកទៀតឈានទៅដល់អាស៊ានទាំងមូលតែម្តង។ កិច្ចព្រមព្រៀងនេះមានគោលដៅត្រួតពិនិត្យអ្នកបើកបររថយន្តដឹកអ្នកដំណើរដែលចេញចូលក្នុង ប្រទេសនីមួយៗ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាគឺជាបញ្ហាមួយដ៏ធំ សំរាប់ប្រជាពលរដ្ឋខែ្មរ។ មានមនុស្សស្លាប់យ៉ាងតិច ៥នាក់ ក្នុងមួយថ្ងៃ ដោយសារគ្រោះថ្នាក់ចរាចរណ៍៕

Related Articles

Back to top button
Close
Close