ទាហាន​ស៊ីរី​និង​ទាហាន​ហ្សកដានី​ផ្ទុះ​អាវុធ​ដាក់គ្នា​នៅ​តំបន់​ព្រំដែន

វិបត្តិស៊ីរីកំពុងតែឆ្លងរាលដាលទៅ ដល់ប្រទេសហ្សកដានីមួយទៀតហើយ! យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ទាហានស៊ីរី និងទាហានហ្សកដានីបានប៉ះប្រយុទ្ធគ្នាមួយប្រ៉ាវ កាលពីយប់ថ្ងៃសុក្រ ម្សិលមិញ នៅតំបន់ ព្រំដែនរវាងប្រទេសទាំងពីរ។ ប្រភពពីរដ្ឋាភិបាលហ្សកដានីបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា មិនមានទាហានហ្សកដានី ណាម្នាក់ត្រូវស្លាប់ ឬរបួស ក្នុងការប្រយុទ្ធគ្នានេះទេ។

ប្រភពពីរដ្ឋាភិបាលហ្សកដានី ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ទាហានស៊ីរី ដែល ស្មោះស្ម័គ្រនឹងលោកបាស្ហា អាល់អាសាដ បានផ្ទុះអាវុធមុន ដោយបាញ់សំដៅទៅខាងទឹកដីហ្សកដានី ទើបទាហាន ហ្សកដានីបាញ់តបតវិញ។ ការផ្ទុះអាវុធរបស់ទាហានលោកអាសាដ បានកើតមានឡើង ក្រោយពីមានជនភៀស ខ្លួនស៊ីរីនាំគ្នាព្យាយាមរត់ចេញពីស៊ីរី ឆ្លងដែនទៅកាន់ប្រទេសហ្សកដានី។

គួរបញ្ជាក់ថា ហ្សកដានី ដែលមានប្រជាជនភាគច្រើនលើសលុបកាន់សាសនាអ៊ីស្លាមនិកាយស៊ុននីត (Sunnite) ជា ប្រទេស អារ៉ាប់មួយ ក្នុងចំណោមប្រទេសអារ៉ាប់ជាច្រើនផ្សេងទៀត ដែលគាំទ្រក្រុមឧទ្ទាមស៊ីរី (ដែលជាអ្នកកាន់និកាយ ស៊ុននីតដូចគ្នា) ប្រឆាំងនឹងក្រុមលោកបាស្ហា អាល់អាសាដ ដែលកាន់និកាយអាឡាវីត។

កន្លងមក ការផ្ទុះអាវុធឆ្លងព្រំដែនស្រដៀងគ្នានេះ ធ្លាប់បានកើតមានរួចមកហើយ នៅខាងលីបង់និងតួកគី ដោយ ទាហានរបស់លោកអាសាដ បានបាញ់ផ្លោងទៅលើជំរំជនភៀសខ្លួនស៊ីរី នៅក្នុងប្រទេសជិតខាងទាំងពីរនេះ។ នៅពេល នេះ ជម្លោះស៊ីរីបានរាលដាលទៅដល់ប្រទេសហ្សកដានីមួយទៀត ក្រោយពេលដែលមានជនភៀសខ្លួនស៊ីរីកាន់តែ ច្រើនឡើង នាំគ្នារត់ឆ្លងព្រំដែនទៅហ្សកដានី។ នាយករដ្ឋមន្រ្តីស៊ីរី ដែលបានប្រកាសផ្តាច់ខ្លួនពីលោកអាសាដ កាលពី ពេល ថ្មីៗនេះ ក៏បានរត់ភៀសខ្លួនចេញពីស៊ីរី តាមច្រកព្រំដែនហ្សកដានីនេះដែរ។

ការរាលដាលនៃវិបត្តិស៊ីរី ឆ្លងទៅប្រទេសជិតខាង ហើយបង្កអស្ថិរភាពក្នុងតំបន់ គឺជាចំណុច ដែលប្រទេសលោកខាង លិច ក៏ដូចជា ប្រទេសផ្សេងទៀត ក្នុងតំបន់ដើមបូព៌ា តែងតែនាំគ្នាព្រួយបារម្ភតាំងពីដើមដំបូងមក។

នៅថ្ងៃនេះ លោកស្រីគ្លីនតុន រដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្តាន់ប៊ុល (Istanbul) ដើម្បីជួប ជជែកជាមួយមន្រ្តីជាន់ខ្ពស់តួកគី អំពីវិបត្តិស៊ីរីនេះ។ ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រីគ្លីនតុន នៅតួកគីនេះ មន្រ្តីក្រសួងការបរទេសអាមេរិកបានពន្យល់ថា ចាប់តាំងពីពេលដែលរុស្ស៊ី និងចិន ប្រើសិទ្ធិវ៉េតូ ជាលើកទី៣ រារាំងមិន ឲ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចដាក់ទណ្ឌកម្ម លើស៊ីរី អាមេរិកលែងរំពឹងលើក្រុមប្រឹក្សាសន្តិសុខ ក្នុងការ ដោះ ស្រាយវិបត្តិស៊ីរីទៀតហើយ ដោយងាកមកផ្តោតលើការសហការជាមួយប្រទេសសម្ព័ន្ធមិត្តវិញ ដើម្បីរកវិធីជួយ ក្រុមឧទ្ទាមស៊ីរី ហើយរៀបចំផែនការ ដើម្បីត្រៀមទុកពេលដែលលោកអាសាដធ្លាក់ពីអំណាច។

នៅក្នុងអំឡុងទស្សនកិច្ចនៅតួកគីនេះ លោកស្រីគ្លីនតុន ក៏គ្រោងនឹងជជែកអំពីជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនស៊ីរី នៅព្រំដែនតួកគីផងដែរ។ បច្ចុប្បន្ននេះ មានជនភៀសខ្លួនស៊ីរីប្រមាណជា ៥ម៉ឺននាក់ កំពុងរស់នៅក្នុងជំរំជនភៀសខ្លួន តាមបណ្តោយព្រំដែនរវាងតួកគី និងស៊ីរី៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close