លទ្ធផល​នៃ​ការ​ប្រឡង “បវរស្ត្រី​ពិភពលោក-២០១២” នៅ​រុស្ស៊ី

ជាលទ្ធផលនៃការប្រឡងប្រជែងនេះ ក្រោមឈ្មោះថា Missis Universe-2012 ដែលបានប្រព្រឹត្តទៅ ក្នុងក្រុងមួយ នៃប្រទេសរុស្ស៊ី គឺជាតិ Colombie អ្នកស្រី Layla Martinez ដែលបានទទួលជ័យជំនះឈ្នះគេ ក្នុងចំណោមស្ត្រីតំណាង ឲ្យ៣០ប្រទេស។ ការប្រកួតនេះ ប្លែកខុសពី “ការប្រកួតរវាងបវរកញ្ញា” ដ្បិតស្ត្រីដែលចូលប្រកួតត្រូវមានគ្រួសារពេញ លក្ខណៈ  ពោលគឺ ត្រូវមានប្តីផង មានកូនក្នុងបន្ទុកផង។

ជាបឋម គួរនិយាយថា មូលហេតុដែលនាំឲ្យការប្រកួតលើកនេះប្រព្រឹត្តទៅនៅក្រុងរុស្ស៊ី “Rostov មាត់ទន្លេ Don” ស្ថិត នៅចម្ងាយ ១.១០០គ.ម.ខាងត្បូងពីរដ្ឋធានីម៉ូស្គូ មកពីក្នុងការប្រកួត “បវរស្ត្រីពិភពលោក-ឆ្នាំ២០១១” នៅប្រទេស Bulgarie នារីរុស្ស៊ី Maria Yaroshenko ជាពិធីការិនីទូរទស្សន៍ក្រុងនេះ ដែលទោះបីជាប់ត្រឹមលេខ៣ក្តី ក្នុងចំណោមស្ត្រី ៣០ប្រទេស គឺត្រូវបាន “គណៈកម្មាធិការខាងចាត់ចែង” យល់ព្រមតាមសំណើគាត់ ឲ្យយកក្រុងកំណើតនេះរបស់គាត់ ធ្វើជាម្ចាស់ផ្ទះ ទទួលការប្រកួត “បវរស្ត្រីពិភពលោក-ឆ្នាំ២០១២”។

ចំណែកល័ក្ខខ័ណ្ឌ ដែលស្ត្រីចូលរួមត្រូវបំពេញតាម គឺ ៖ ទី១-ត្រូវមានប្តី និងមានកូនក្នុងបន្ទុក។ ទី២- គេត្រូវប្រកាន់ ខ្ជាប់គោលការណ៍នៃសីលធម៌ខ្ពស់។ ទី៣-គេត្រូវចូលរួមក្នុងសកម្មភាពមនុស្សធម៌។

សម្រាប់ស្ត្រី ដែលតំណាងឲ្យ៣០ប្រទេស ដែលចូលខ្លួនប្រឡងប្រជែងលើកនេះ គឺក្នុងចំនួនដូចកាលពីឆ្នាំមុន នៅប្រទេសប៊ុលហ្ការីអ៊ីចឹង ម្នាក់ៗត្រូវចេះត្រៀមឲ្យបាន ហើយការពារឲ្យបាន ដូចចិត្ត គឺ៖ និក្ខេបបទ ស្តីអំពីការប្រយុទ្ ទល់នឹងអំពើហិង្សាក្នុងគ្រួសារនៃប្រទេសរៀងៗខ្លួន។
 
ការប្រកួតផ្ទាល់ បានប្រព្រឹត្តទៅជា ៣ឈុត៖

ឈុតទី១- ការដើរបង្ហាញរាងលើឆាក ដោយទាំង៣០នាក់ ស្លៀកពាក់យ៉ាងសង្ហា ដូចៗគ្នា។

ឈុតទី២- ការដើរបង្ហាញសម្រស់រូបកាយ ដោយម្នាក់ៗ ទាំងភាគមួយកំណាត់ខ្លួនខាងលើ ទាំងភាគមួយកំណាត់ខ្លួន ខាងក្រោម គឺពាសបាំងទៅដោយសម្លៀកបំពាក់តិចបំផុត។

ឈុតទី៣- ការដើរបង្ហាញរាងលើឆាក ដោយស្លៀកពាក់រ៉ូបពេលល្ងាច សម្រាប់ចូលរួម ក្នុងពិធីណាដែលអ៊ឹកអធិក។

ជាបង្ហើយកិច្ច គឺការឆ្លើយតបនឹងសំណួរ ស្តីអំពីតួនាទីស្ត្រី ក្នុងគ្រួសារ ក្នុងសង្គម។

នៅទីបំផុត គណៈមេប្រយោគបានប្រកាសលទ្ធផល ដូចតទៅ៖ ជាប់លេខ១ ជា “បវរស្ត្រីពិភពលោក ឆ្នាំ២០១២” គឺ អ្នកស្រី Layla Martinez ដែលជា Business Woman តំណាងឲ្យប្រទេស Colombie ទ្វីបអាមេរិកឡាទីន។ ជាប់លេខ២ គឺស្ត្រីតំណាងឲ្យស.រ.អា.។ ជាប់លេខ៣ គឺស្ត្រីមកពីប្រទេស Kenya ទ្វីបអាហ្វ្រិក។ ជាប់លេខ៤ គឺស្ត្រី ជាតិ Bulgarie។

ថ្លែងបន្ទាប់មកទៅអ្នកកាសែត “បវរស្ត្រីពិភពលោក ឆ្នាំ២០១២” ដែលមានអាយុ ២៦ឆ្នាំ តំណាលថា ក្រុងរុស្ស៊ី “Rostov មាត់ទន្លេ Don”ស្អាតដូចក្រុងកំណើតគាត់នៅប្រទេស Colombie អ៊ីចឹង ហើយឆ្នាំក្រោយ គាត់នឹងនាំកូនស្រីគាត់អាយុ ៨ឆ្នាំ ឲ្យមកឃើញក្រុងនេះតែម្តង៕ ដោយ កែវ ឆាយា(RFI)

Related Articles

Back to top button
Close
Close