ក្បាលម៉ាស៊ីន រាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវបានបង្កើត
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (៦ កញ្ញា ២០១៨) ៖ នៅថ្ងៃទី៦ខែកញ្ញានេះ ក្បាលម៉ាស៊ីននៃរាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវបានបង្កើតឡើងហើយ តាមបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី៦ គឺមានឧបនាយករដ្ឋមន្ត្រីមានចំនួន១០រូប ដោយថែម៣រូប, ទេសរដ្ឋមន្ត្រីមានចំនួន១៧រូប ចំណែកថ្នាក់រដ្ឋមន្ត្រី២៩រូបបណ្តាក្រសួងនៅដដែល។
ឧបនាយករដ្ឋមន្ត្រី ៣ដែលថែមរួមមាន៖ លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា សុផារ៉ា។
សូមជំរាបថា ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងដឹកនាំរាជរដ្ឋាភិបាល ត្រូវបានរដ្ឋសភាសម្រេចអនុម័តហើយ នៅវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦បន្តទៀត។ ជាមួយគ្នានេះ រដ្ឋសភាក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលផ្សេងទៀត ដូចជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាដើម៕