ក្រសួងវប្បធម៌ ស្នើពលរដ្ឋកុំពុះកញ្ជ្រោលលើល្ខោនខោលពេញបណ្តាញសង្គម
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ ៖ ក្រោយពេលថៃស្នើដាក់ល្ខោនខនរបស់ខ្លួន ដែលមានទម្រង់ស្រដៀងគ្នានឹងល្ខោនខោលរបស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ធ្វើឲ្យមានការជជែកគ្នាយ៉ាងផុសផុលលើអ្នកប្រាស់ Facebook ទាំងនៅកម្ពុជា និងថៃ ជុំវិញភាពជាម្ចាស់កម្មសិទ្ធិ នៃល្ខោននេះ។
ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ឲ្យដឹងថា ចំពោះបញ្ហាការសម្រេចចិត្តរបស់អង្គការ UNESCO លើល្ខោនខោលថា ជារបស់ប្រទេសណា សូមឲ្យពលរដ្ឋខ្មែរទាំងអស់មានការស្ងប់ស្ងាត់ ហើយសូមរង់ចាំលទ្ធផលផ្លូវការជាក់ស្ដែងជាលាយលក្ខអក្សរចេញពីអង្គការ UNESCO នោះទើបមានអាចយកជាការបាន និងមានតម្លៃពិតប្រាកដ។
ឯកឧត្ដម បន្តថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជ្រួលច្របល់តាមគ្នា នៅពេលមិនទាន់មានលទ្ធផលផ្លូវការណាមួយ ជុំវិញពេលវេលានៃការប្រកាសផ្លូវការរបស់អង្គការកំពូលមួយនេះ កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ថា អង្គការ UNESCO នឹងសម្រេចនៅចុងឆ្នាំ២០១៨ ខាងមុខ។ ប៉ុន្តែអាចមានការយឺតយ៉ាវជាងនេះ ដោយសារគេត្រូវការពេលសិក្សាបន្ថែម៕