Facebook បិទអាខោន និងទំព័របណ្ដាញសង្គមរបស់មន្ត្រីយោធាមីយ៉ាន់ម៉ា
សារព័ត៌មាន Cambodia News/
បរទេស (២៨ សីហា ២០១៨) ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយថា គណនី និងទំព័របណ្ដាញសង្គមមួយចំនួនរបស់មន្ត្រីយោធាមីយ៉ាន់ម៉ា ត្រូវបានក្រុមហ៊ុនបណ្ដាញសង្គម Facebook លុបចោលនូវ ដើម្បីជាការទប់ស្កាត់ការចែកចាយព័ត៌មានបែបរើសអើង និងក្លែងក្លាយ។
យោងតាមអ្នកនាំពាក្យរបស់ Facebook លោក Ruchika Budhraja បានឲ្យដឹងកាលពីម្សិលមិញថានេះជាលើកទីមួយហើយដែលហ្វេសប៊ុកបានហាមឃាត់មេដឹកនាំយោធា ឬនយោបាយរបស់ប្រទេសនេះ។
ការបិទនេះ ធ្វើឡើងក្រោយពីមន្ត្រីស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) បានរកឃើញថា យោធាមីយ៉ាន់ម៉ា បានសម្លាប់រង្គាល និងចាប់រំលោភក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ក្នុង “ចេតនាប្រល័យផ្ដាច់ពូជ” តែម្ដង។ របាយការណ៍ UN បានរៀបរាប់ថា មេបញ្ជាការយោធាលោក Min Aung Hlaing និងមេទាហានចំនួន ៥រូបផ្សេងទៀតរបស់មីយ៉ាន់ម៉ា គួរតែទទួលរងនូវការកាត់ទោសពីបទបង្កើតឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។
ក្នុងការបិទនេះ មានគណនីមួយជារបស់មេបញ្ជាការកំពូលកងទ័ពមីយ៉ាន់ម៉ាគឺលោក Min Aung Hlaing។ Facebook បានបញ្ជាក់ថា ចំនួនគណនីសរុបដែលត្រូវលុបចោល មាន ១៨គណនី ទំព័រ Facebook មាន ៥២ ព្រមទាំងគណនី Instagram ចំនួន ១គណនី។ គណនី និងទំព័រ Facebook សរុបទាំងនេះ មានចំនួនអ្នក Follower ជិត ១២លាននាក់៕