សម្តេចតេជោអញ្ជើញជួបថ្នាក់ដឹកនាំគណបក្សចូលរួមបោះឆ្នោតចំនួន១៦នៅព្រឹកនេះ
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជាឈ្នះឆ្នោតក្នុងអាណត្តិថ្មី អញ្ជើញជួបជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន១៦ ដែលចូលរួមបោះឆ្នោត ដើម្បីពិគ្រោះយោបល់គ្នាលើការងារកសាង និងអភិវឌ្ឍន៍ជាតិឲ្យកាន់តែប្រសើរ។ កិច្ចពិគ្រោះយោបល់នេះធ្វើឡើងនៅវិមានរាជរដ្ឋាភិបាលតែម្តង។
ថ្នាក់ដឹកនាំគណបក្សនយោបាយទាំង១៦ ដែលចូលរួមកិច្ចពិគ្រោះយោបល់នេះរួមមាន៖
១៖ គណបក្សខ្មែររួបរួមជាតិ
២៖ គណបក្សពន្លឺថ្មី
៣៖ គណបក្សសញ្ជាតិកម្ពុជា
៤៖ គណបក្សខ្មែរក្រោក
៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
៧៖ គណបក្សសាធារណរដ្ឋខ្មែរ
៨៖ គណបក្សរស្មីខេមរា
៩៖ គណបក្សហ៊្វុនស៊ិនប៉ិច
១០៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
១១៖ គណបក្សយុវជនកម្ពុជា
១២៖ គណបក្សធម្មាធិបតេយ្យ
១៣៖ គណបក្សឆន្ទៈខ្មែរ
១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៥៖ គណបក្សខ្មែរតែមួយ
១៦៖ គណបក្សប្រជាជនកម្ពុជា
ដោយឡែកគណបក្សនយោបាយចំនួន៤ផ្សេងទៀតមិនបានចូលរួមនោះទេ រួមមាន៖ ១៖ គណបក្សមាតុភូមិយើង, ២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង ទី៤៖ គណបក្សខ្មែរឈប់ក្រ។
ចំណែកសម្តេច ហ៊ុន សែន បានសរសេរលើ Facebook ផ្លូវការរបស់សម្តេចថា កាលពីម្សិលមិញថា ការជួបជុំគ្នានេះ គឺជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិយ៉ាងពិតប្រាកដ តាមគន្លងលទ្ធិ ប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន បានសរសេរថា «នៅថ្ងៃទី២១ សីហានេះ ខ្ញុំនឹងជួបប្រជុំព្រមទាំងហូប អាហារសាមគ្គីជាមួយបងប្អូនថ្នាក់ដឹកនាំ មកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព ។ ការជួបជុំបងប្អូននៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះ យោបល់ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតកន្លងមកនេះ»។
សម្តេចក៏បានបញ្ជាក់ថា «ការចូលរួមផ្តល់នូវមតិយោបល់ច្រើន គឺរមែងនាំមកនូវផលប្រយោជន៍ វិជ្ជមានល្អៗច្រើន សម្រាប់ចូលរួមកសាងជាតិ។ នេះក៏បង្ហាញឲ្យឃើញថា យើងរួបរួមគ្នាជាកម្លាំង ស្នូលនៃសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ»។ ទន្ទឹមនោះសម្តេច ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណជាថ្មីដល់បងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងអស់ ដែលចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការកសាងប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត ៕