រដ្ឋមន្រ្តី​អប់រំ ៖ ចំនួន​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំនេះមានការ​កើន​ឡើង

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (២០ សីហា ២០១៨) ៖ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បានថ្លែងថា នៅ​ឆ្នាំ​នេះ ចំនួន​សិស្ស​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) មាន​ការ​កើនឡើង គឺ​ជាង១០​ម៉ឺន​នាក់ និង​មណ្ឌល​ប្រឡង​កើន​ឡើង​ដល់១៩៦​មណ្ឌល។ លោកថ្លែងបែបនេះ ខណៈដែលអញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ។

លោក​បន្ដ​ថា ​នេះគឺ​ជា​ឆ្នាំ​ទី៥​ហើយ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ហើយ​លទ្ធផល​ល្អ​ប្រសើ​រនេះ​បាន​ដោយ​ការ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ក្នុង​ការ​រៀបចំ​ការ​ប្រឡង ក៏ដូចជា​ការ​បំប៉ន​សិស្ស​ដើម្បី​ឲ្យ​គាត់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ទៀត។

លោករដ្ឋម្រ្តី​បញ្ជាក់​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដំណើការ​ប្រឡង​កាន់​តែ​ល្អ ហើយ​មិន​ឃើញ​សិស្ស​ណា​ម្នាក់​កាន់​សំណៅ​ឯកសារ ឬ​គ្រឿង​អេឡិចត្រូនិក​ចូល​មណ្ឌល​ប្រឡង​ទេ។ ហើយ​ទាំង​អនុរក្ស មេប្រយោគ បាន​បំពេញ​ការងារ​ក្នុង​ការ​ទទួល​ខុសត្រូវ​ទាំង​អស់​គ្នា។ លោកបន្ថែមទៀតថា ក្រសួង​បាន​ប្តូរ​មណ្ឌល​ប្រឡង​មួយ​មណ្ឌល​នៅ​ខេត្ត​កំពត ដោយសារ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់គ្នា បណ្ដាល​ឲ្យ​ទឹក​លិច ហើយ​បាន​ប្តូរ​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។

សូមជម្រាបថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨​​នេះ គឺ​មាន​បេក្ខជន​សរុប ១១៧ ០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​សរុប ១៩៥​មណ្ឌល ចែកចេញ​ជា ៤៧១៦​បន្ទប់ នៅ ២៥ រាជធានី-ខេត្ត​ទូទាំង​ប្រទេស។ ចំណែកការ​ប្រកាស​លទ្ធផល​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ នារសៀល​ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅខេត្ត​ផ្សេងៗ៕

Related Articles

Back to top button
Close
Close