ក្រុងបាងកកបង្កើនការយាមល្បាត ខណៈការរួមភេទតាមសួនច្បារកើនឡើង
សារព័ត៌មាន Cambodia News/
បាងកក (១៦ សីហា ២០១៨) ៖ បន្ទាប់ពីមានការកើនឡើងករណីរួមភេទតាមសួនច្បារសាធារណៈជាបន្តបន្ទាប់ សាលាក្រុងបាងកក កាលពីថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ បានចេញបញ្ជាឲ្យបង្កើនក្រុមសន្តិសុខយាមល្បាត និងបន្ថែមស្លាកសញ្ញាហាមឃាត់ជាភាសាថៃ និងអង់គ្លេស ព្រមទាំងបំពាក់កាមេរ៉ា នៅតាមទីសាធារណៈបន្ថែមទៀតផងដែរ។
លោកស្រី Wallaya Wattanarat មន្ត្រីសាលាក្រុងបាងកក បានបង្ហើបថា មានមនុស្ស១ក្រុម បាននាំគ្នារួមភេទនៅសួនច្បារ Lumpini នាពេលកន្លងទៅ។ វីដេអូដែលត្រូវបានការលួចថត រួចបង្ហោះចូលក្នុងបណ្ដាញសង្គម ពីការរួមភេទរវាងប្រុស និងប្រុស បានផ្ទុះឡើងនៅប្រទេសថៃ បណ្ដាលឲ្យលោកអភិបាលក្រុង Aswin Kwanmuang បើកប្រការប្រជុំបន្ទាន់ ដើម្បីចាត់វិធានការចំពោះទង្វើនេះ។
លោកស្រី Wallaya បានបន្តថា សន្តិសុខនឹងដើរល្បាតទីតាំង១ ក្នុងរយៈពេល ៣០នាទីម្ដង បញ្ចុះពី ១ម៉ោងម្ដងដែលធ្លាប់អនុវត្តកាលពីពេលកន្លងទៅ។ ចំណែក នៅក្នុងបន្ទប់ទឹក ក៏នឹងមានការចូលត្រួតពិនិត្យផងដែរ។
សូមជម្រាបថា ចំពោះការប្រព្រឹត្តបទល្មើសនេះ នឹងត្រូវពិន័យជាប្រាក់ក្នុងម្នាក់ ៥ពាន់បាត (១៥០ដុល្លារ) ៕