សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិ បាលថ្មីនឹងបង្កើតនៅថ្ងៃទី៦ ខែកញ្ញាខាងមុខ
សារព័ត៌មាន Cambodia News/
ខេត្តកំពង់ស្ពឺ (៨ សីហា ២០១៨) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ២០១៨ ខាងមុខនេះ។ ការបញ្ជាក់របស់សម្ដេចតេជោ បានធ្វើឡើងជួបសំណេះសំណាលជាមួយកម្មករ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា សម្តេចបានចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ដើម្បីទូលថ្វាយអង្គព្រះមហាក្សត្រនូវកិច្ចការជាតិ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា សភាជាតិនឹងកោះប្រជុំលើកដំបូងក្រោមព្រះរាជាធិបតីភាពនៃអង្គព្រះមហាក្សត្រ។
នៅល្ងាចថ្ងៃទី៥ ខែកញ្ញា សមាជិកសភានឹងចូលធ្វើពិធីស្បថ។ នៅថ្ងៃទី៦ ខែកញ្ញា ក្បាលម៉ាស៊ីនសភាជាតិ និងរាជរដ្ឋាភិបាលអាណត្តិទី៦ នឹងបង្កើតឡើង។ នៅល្ងាចថ្ងៃទី៦ ខែកញ្ញា គណៈរដ្ឋមន្ត្រិថ្មីស្បថចូលកាន់តំណែង។ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា បើកប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង៕