ពលករខ្មែរ២ នាក់ប្តីប្រពន្ធត្រូវរថយន្តបុកស្លាប់នៅថៃ
សារព័ត៌មាន Cambodia News/
ខេត្តបន្ទាយមានជ័យ (០២ សីហា ២០១៨) ៖ ពលករខ្មែរពីរនាក់ប្តីប្រពន្ធ ជួបរឿងអកុសលត្រូវរថយន្តបុកស្លាប់ក្នុង ថ្លុកឈាមយ៉ាងអាណោចអធ័ម ខណៈកំពុងជិះម៉ូតូឌុបគ្នាលើទឹកដីថៃ។ ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់ខាងលើនេះកើតឡើងកាលពីព្រលប់ថ្ងៃទី៣១ កក្កដា ២០១៨ នៅស្រុកប្រាក់យុទ្ធបាត ខេត្តសារ៉ាក់បូរី។
ប្រភពថា មុនកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូដឹកគ្នាលើដងផ្លូវជាតិស្រាប់តែរថយន្តម៉ាកអ៊ីស៊ុយស៊ុយឌីម៉ែក ពណ៌ខ្មៅ ពាក់ស្លាកលេខថៃ (ឈៀងរ៉ាយ2610) បានរេចង្កូតទៅបុកម៉ូតូជនរងគ្រោះម៉ាកវ៉េវសេ១០០ ពាក់ស្លាកលេខថៃ (បុរីរាំ1940) ធ្វើឲ្យជនរងគ្រោះស្លាប់ទាំង២នាក់តែម្តង។
ប្រភពថា ជនរងគ្រោះទាំង២នាក់បានចូលទៅប្រទេសថៃ ធ្វើការជាពលករស្របច្បាប់ ដោយបុរសជាប្តីឈ្មោះ ឈឿប ម៉ៅ អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ជឿន ចាន់ណែត អាយុ២២ឆ្នាំ ប៉ុន្តែគេពុំដឹងថា ជាអ្នកស្រុកខេត្តណានៅឡើយទេ ដោយពេលនេះភាគីថៃបាន និងកំពុងតម្កល់សពរក្សាទុករង់ចាំ ស្រាវជ្រាវរកសាច់ញាតិដើម្បីដឹកត្រឡប់មកកម្ពុជាវិញ៕