ពលរដ្ឋគួរប្រុងប្រយ័ត្នចំពោះលេខទូរស័ព្ទចម្លែកៗដែលហៅចូល
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃបានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះលេខទូរស័ព្ទចម្លែកៗដែលហៅចូលមក ព្រោះវាអាចជាវិធីសម្រាប់ផ្ទៀងផ្ទាត់លេខទូរស័ព្ទរបស់សេវាកម្ម Google Voice នៃក្រុមហ៊ុន Google ឬសេវាកម្មផ្សេងៗទៀត ដូចជាការដំឡើងកម្មវិធីដើម្បីប្រើប្រាស់សេវាកម្ម ធនាគារជាដើម។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា ប្រសិនបើបងប្អូនមិនបានស្នើសុំ ឬចុះឈ្មោះប្រើប្រាស់សេវាកម្មណាមួយទេ តែមានលេខទូរស័ព្ទមិនដែលស្គាល់ ទាក់ទងមកណែនាំឱ្យបងប្អូនបំពេញលេខកូដតាម សូមបងប្អូនប្រជាពលរដ្ឋដាច់ខាតកុំធ្វើតាម។ ព្រោះថា បើបងប្អូនធ្វើតាម ក្រុម Hackers អាចលួចយកទិន្នន័យរបស់លោកអ្នកបាន ដូចជា៖ លេខទំនាក់ទំនង សារជាអក្សរ និងប្តូរ Password អ៊ីមែល ជាដើម។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឱ្យដឹងថា វិធីសាស្ត្រនេះត្រូវមានគេប្រើប្រាស់ ជាច្រើនឆ្នាំមកហើយនៅបរទេស ជាមួយលេខទូរស័ព្ទ ផ្សេងៗដូចជាលេខ ២០២-៤៥៥-៨៨៨៨ ជាដើម៕