គ្រោះទឹកជំនន់នៅជប៉ុន ៖ អ្នកស្លាប់កើនដល់១៤១នាក់
សារព័ត៌មាន Cambodia News/
តូក្យូ (១០ កក្កដា ២០១៨) ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា ចំនួនមនុស្សស្លាប់ដោយបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ជោគជាំ នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុនបានកើនដល់១៤១នាក់ហើយ ខណៈច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
ប្រតិបត្តិការរុករក និងជួយសង្រ្គោះបាននិងកំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត នៅតាមតំបន់រងគ្រោះធ្ងន់ខ្លាំងដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា ដែលមានមនុស្សច្រើនជាង៤០នាក់បាត់បង់ជីវិត ព្រមទាំងតំបន់មួយចំនួន ទៀតរួមមានខេត្ត អូកាយ៉ាម៉ា, អ៊ីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា, ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ, កូជី និងសាហ្គា។
ជាមួយគ្នានេះ មនុស្សជាច្រើននាក់ ក៏ត្រូវបានគេជឿជាក់ផងដែរថា កំពុងនៅជាប់គាំងក្នុងផ្ទះរបស់ពួកគេ ដោយសារតែផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ និងជន់លិច ខណៈសេចក្តីបង្គាប់ឲ្យជម្លៀសខ្លួន ត្រូវដាក់ចេញសម្រាប់ប្រជាជនជប៉ុនជិត ០៦លាននាក់ទៀត នៅតាមខេត្តចំនួន១៩៕