​វិស័យ​ធនាគារ​នៅ​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (៦ កក្តដា ២០១៨) ៖ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនាគារ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ​ជា ចាន់​តូ បាន​លើកឡើង​ថា សុខភាព​ក្នុង​វិស័យ​​ធនាគារ​នៅ​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដោយ​ទំហំ​ទ្រព្យសកម្ម​បាន​កើនឡើង​ដល់​ប្រមាណ​៣១​​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ថ្លែង​ថា ៖« ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧,៧% ជាមួយនឹង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​បាន​ល្អ​ប្រសើរ ក្នុង​អតិផរណា​មាន​កម្រិត​ទាប​អាច​គ្រប់គ្រង​បានជា​មធ្យម​៣,៥% » ។ លោក​បន្ដ​ថា ៖« ជាមួយនឹង​កំណើន​សេដ្ឋកិច្ច ការ​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់ និង​អត្រា​អតិផរណា​ល្អ​ប្រសើរ បាន​ធ្វើ​ឲ្យ​កម្ពុជា​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​បាន​យ៉ាង​ឆាប់រហ័ស ពី​អត្រា​៥០,២%​នៅ​ឆ្នាំ​២០០២ មក​នៅ​ត្រឹម​១០%​នៅ​ឆ្នាំ​២០១៨​នេះ » ។

លោក​ទេសាភិបាល​បាន​បន្ថែម​ថា នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ជាមួយ​ទស្សនៈ​វែង​ឆ្ងាយ​របស់​រាជរដ្ឋាភិបាល វិស័យ​ធនាគារ​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម តាម​រយៈ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​វិសាលភាព និង​បរិ​យា​ប័ន្ន ដែល​បាន​លើក​ស្ទួយ​នូវ​កម្រិតជីវភាព​ប្រជាពលរដ្ឋ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ដែល​មក​ដល់​បច្ចុប្បន្ន​នេះ​ទ្រព្យសកម្ម​របស់​វិស័យ​ធនាគារ បាន​កើនឡើង​៧៣​ដង បើ​ធៀប​នឹង​ចុង​ទសវត្សរ៍​ទី​៩០ ។

លោក​ទេសាភិបាល​បញ្ជាក់​ថា ៖« ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការ​កើន​ឡើង​​នៃ​តម្រូវការ​របស់​អតិថិជន បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ បាន​និង​កំពុង​អភិវឌ្ឍន៍ បណ្តាញ​សាខា​, ធ្វើ​ពិពិធ​កម្ម​ផលិតផល​និង​សេវា​, លើកកម្ពស់​ប្រសិទ្ធ​ភាព និង​គុណភាព​នៃ​ប្រតិបត្តិការ និង​ពង្រឹង​ភាពរឹងមាំ​នៃ​ដើមទុន​និង​សន្ទនីយ​ភាព ។ ទន្ទឹម​នឹង​នេះ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ក៏​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ជា​លំដាប់​ឱ្យ​កាន់តែ​មាន​ភាព​ឆាប់រហ័ស កម្រៃ​សមរម្យ និង​សុវត្ថិភាព​ខ្ពស់ » ៕

 

Related Articles

Back to top button
Close
Close