សម្តេចតេជោប្រកាសទប់ទល់នឹងលោក សម រង្ស៊ី រហូតធ្វើអាចារ្យរៀងខ្លួន
សារព័ត៌មាន Cambodia News/
ខេត្តកណ្តាល (០៥ កក្តដា ២០១៨) ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងទប់ទល់ជាមួយលោក សម រង្ស៊ី រហូតដល់ចាស់រៀងៗខ្លួន ឬរហូតធ្វើអាចារ្យរៀងៗខ្លួន ដោយមិនអនុញ្ញាតឲ្យក្រុមប្រឆាំងនាំសង្គ្រាមបង្ហូរឈាមមកវិញនោះឡើយ។ សម្តេចថ្លែងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង៣ម៉ឺន នាក់នៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ។
សម្តេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនអាចចៀសផុតពីសង្គ្រាមទេ ប្រសិនបើអាបក្សចង្រៃ នោះមិនរលាយ។ សម្តេចថា គេធ្វើនយោបាយ ដើម្បីបង្រួបបង្រួមជាតិ ប៉ុន្តែអាបក្សចង្សៃនោះ ចេះតែលាបពណ៌ចេះតែរឿងគំនុំសងសឹក មួលបង្កាច់ ។ ដូច្នេះបើពួកគេឈ្នះកាន់អំណាចនោះ សង្គ្រាមបង្ហូរឈាមនឹងកើតឡើង។
យ៉ាងណាក៏ដោយសម្តេចប្រកាសថា នឹងទប់ទល់ជាមួយក្រុមអាបក្សចង្រៃនោះរហូតដល់ ចាស់រៀងៗខ្លួន រហូតធ្វើអាចារ្យ ព្រោះបើបណ្តោយឲ្យអាបក្សចង្រៃនេះបន្តធ្វើសកម្មភាព តាមនយោបាយផ្លាស់ប្តូរនោះ សង្គ្រាមបង្ហូរឈាមនឹងកើតឡើងដោយចៀសមិនរួចទេ។ ដូច្នេះសម្តេច មិនអនុញ្ញាតជាដាច់ខាត ហើយត្រូវទប់ទល់នឹងអាបក្សចង្រៃនេះ ដើម្បីការពារសន្តិភាពឲ្យបាន៕