របាយការណ៍ទីមួយ​​របស់ ​​Unicef ​​ស្ដីពី​​ការធ្វើបាប​​កុមារ​​នៅតំបន់​​អាស៊ី-ប៉ាស៊ីហ្វិក​​

អង្គការUnicef បានប្រកាសនៅថ្ងៃពុធទី៨សីហាឆ្នាំ២០១២ម្សិលមិញ នៅទីក្រុងបាងកករាជធានីនៃប្រទេសថៃនូវរបាយ ការណ៍ទីមួយរបស់ខ្លួនឲ្យដឹងពីការវិភាគនៃការសិក្សាទៅលើ ការធ្វើបាបកុមារ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅចន្លោះឆ្នាំ ២០០០និងឆ្នាំ២០១០។ របាយការណ៍ទីមួយរបស់ Unicef ស្ដីពីការធ្វើបាបកុមារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺពិតជា ជំហានទីមួយជួយជំរុញឲ្យប្រជាជនគ្រប់ស្រទាប់សង្គម ហើយនិងរដ្ឋាភិបាលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចាប់ភ្ញាក់ រលឹក យល់ដឹងពីផលវិបាកដ៏សែនធ្ងន់ធ្ងរនេះ។

របាយការណ៍ទីមួយរបស់ Unicef ស្ដីពីការធ្វើបាបកុមារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅចន្លោះឆ្នាំ២០០០និងឆ្នាំ២០១០នេះ គឺពិតជាតំណាងការងារសំយោគមួយដ៏ធំមហិមា ដែលពឹងផ្អែកទៅលើការសិក្សាចំនួន៣៥០របស់អង្គការអន្តរជាតិ រដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល ។ លទ្ធផលដ៏គួរឲ្យរន្ធត់នោះគឺ អំពើហិង្សាធ្វើបាបកុមារមានវត្តមាននៅគ្រប់ ប្រទេស ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ហើយដែលអាចនាំឲ្យមានផលវិបាកដ៏សែនអវិជ្ជមានដល់កុមារនៅពេលអនាគត។

 គួរបញ្ជាក់ថា ជាសរុប អំពើហិង្សាទៅលើកុមារកើតមាននៅគ្រប់ប្រទេសក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។ អំពើហិង្សាទាំង នោះមានដូចជាអំពើហិង្សាលើផ្លូវកាយ ការរំលោភផ្លូវភេទ ឬអំពើហិង្សាតាមផ្លូវចិត្ត។ នៅប្រទេសចិន អំពើហិង្សាលើ កុមារ បានប្រព្រឹត្តដោយឳពុកម្តាយរបស់កុមារខ្លួនឯង ឬដោយគ្រូបង្រៀននៅតាមសាលសារៀន។ នៅប្រទេស វៀតណាម ដែលទទួលឥទ្ធិពលវប្បធម៌ពីប្រទេសចិនក៏ពុំខុសគ្នា ប៉ុន្មានឡើយ។

អំពើហិង្សាលើកុមារតាមផ្លូវកាយឬតាមផ្លួវចិត្ត អាចនាំឲ្យមានផលវិបាកអវិជ្ជមាននៅពេលអនាគត។ ទៅថ្ងៃក្រោយ កុមារ ទាំងនោះអាចមានជម្ងឺផ្លូវចិត្ត ធ្វើឲ្យឈានទៅរកការធ្វើអត្តឃាតជាដើម។ ដូច្នេះហើយ បានជានៅតាមស្រុកស្រែ ចម្ការនៃប្រទេសចិន គេឃើញមានមូលហេតុទីមួយនៃការស្លាប់របស់យុវនារី គឺបណ្តាលមកពីការធ្វើអត្តឃាត។ ការ សិក្សា របស់អង្គការអន្តរជាតិទាំងនោះបានគូសបញ្ជាក់ប្រាប់ទៀតថា អំពើហិង្សាលើកុមារកើតមាននៅក្នុងគ្រប់ស្រទាប់ សង្គម ពុំមែនមានតែនៅក្នុងស្រទាប់សង្គមក្រីក្រនោះឡើយ។

ដូច្នេះ របាយការណ៍ទីមួយរបស់ Unicef ស្ដីពីការធ្វើបាបកុមារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅចន្លោះឆ្នាំ២០០០និង ឆ្នាំ២០១០នេះ គឺពិតជាជំហានទីមួយជួយជំរុញឲ្យប្រជាជនគ្រប់ស្រទាប់សង្គម ហើយនិងរដ្ឋាភិបាលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកចាប់ភ្ញាក់រលឹក យល់ដឹងពីផលវិបាកដ៏សែនធ្ងន់ធ្ងរនេះ ដើម្បីជាការងាយស្រួលសម្រាប់ធ្វើការប្រយុទ្ធទប់ទល់ ដូចការធ្លាប់កើតមាននៅក្នុងប្រទេសអឺរ៉ុបកាលពីពេលមុន៕ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close