មនុស្សរាប់ម៉ឺននាក់ចាកចេញពីផ្ទះក្រោយមានទឹកជំនន់នៅភាគកណ្ដាល និងភាគខាងត្បូងប្រទេសចិន
សារព័ត៌មាន Cambodia News/
ចិន ៖ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍កាលពីថ្ងៃអង្គារថា ទឹកជំនន់បង្កឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំង នៅតំបន់ភាគកណ្ដាល និងភាគខាងត្បូងប្រទេសចិន បានបង្ខំឲ្យពលរដ្ឋរាប់ម៉ឺននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា នៅទីក្រុងឆេងទូ ខេត្តស៊ីឈាន់ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ខ្សែពួរ ដើម្បីទាញមនុស្សមកកាន់ទីសុវត្ថិភាព ហើយនឹងបានជម្លៀសមនុស្សជាង ៩.៥០០នាក់ចេញពីផ្ទះសម្បែងពួកគេ ប៉ុន្តែនៅមិនទាន់មានសេចក្ដីរាយការណ៍ពីគ្រោះថ្នាក់នោះទេ។ ភ្លៀងធ្លាក់ខ្លាំងនេះដែរបង្កឲ្យជន់លិច និងកកស្ទះចរាចរណ៍នៅទីក្រុងជីអាន ស្ថិតនៅខេត្តភាគអាគ្នេយ៍ជែងហ្ស៊ី។ ចំណែកឯនៅក្នុងទីក្រុងហានចុងវិញ គោក្របីបានជាប់ខ្លួនក្រោយទឹកជន់ឡើងខ្លាំង។
យោងតាមការចុះផ្សាយរបស់ CCTV បានឲ្យដឹងថា ភ្លៀងនឹងបង្អុរធ្លាក់ចុះបន្ថែមទៀតនៅទូទាំងប្រទេស ដែលរួមទាំងខេត្តស៊ីឈាន់, ខេត្តសានហ្ស៊ី និងខេត្តហ៊ូប៉ីនៅថ្ងៃពុធស្អែកនេះ៕