ក្មេងៗ​​ថៃ​​ដែល​ទើប​រក​ឃើញ​ក្នុង​រូង​ភ្នំ​ថាម​លួង​អាច​នឹង​បន្ត​នៅ​ទី​នោះ​៤​ខែ​ទៀត​

សារព័ត៌មាន Cambodia News/

បាងកក ៖ បើតាមក្រុមជំនាញថៃ និងអន្តរជាតិ ដែលកំពុងបំពេញប្រតិបត្តិការនៅឡើយ​នៅតំបន់រូងភ្នំថាំលួង ស្រុកម៉ែសៃ នៃខេត្តឈៀងរ៉ាយ ភាគខាងជើងប្រទេសថៃនោះបានឲ្យដឹងថា យ៉ាងហោចណាស់ក៏ត្រូវប្រើរយៈពេល៤ខែទៀត ទើបអាចយក​​ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់​ពួកគេម្នាក់ ចេញពីរូងភ្នំ​នេះបាន។ នេះបើតាម​សារព័ត៌មាន south china morning post ។

ប្រធាន​កងទ័ព​ជើង​ទឹក​ថៃ លោក Anand Surawan ថា «​យើង​នឹង​ធ្វើ​ការ​រៀប​ចំ​បញ្ជូន​អាហារ​បន្ថែម​ ដែល​ត្រូវ​បាន​បន្ត​យ៉ាង​ហោច​ណាស់​រយៈ​ពេល៤ខែ ព្រម​ទាំង​​បង្ហាត់​កីឡាករ​បាល់​ទាត់​ទាំង​១៣ រូប​នោះ ឲ្យ​ចេះ​មុជ​ទឹក ខណៈ​ដែល​ទឹក​នៅ​តែ​បន្ត​ជន់​លិច​យ៉ាង​ខ្លាំង​នៅ​ក្នុង​រូងភ្នំ»។ ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា គ្រូពេទ្យ​មួយ​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រូងភ្នំ​នោះ ដើម្បី​ពិនិត្យ​សុខភាព​ពួក​គេ។

ដោយឡែកអ្នក​ចាត់​ចែង​ប្រតិបត្តិការ​សង្គ្រោះ​អាមេរិក លោក Anmar Mirza បាន​និយាយ​ថា ការ​សម្រេច​ចិត្តជាបឋម​នោះ គឺ​គួរ​តែ​ព្យាយាម​ជម្លៀស​ពួក​គេ​ចេញ​ពី​រូងភ្នំ ឬ​ក៏​ផ្គត់​ផ្គង់​អាហារ​ដល់​ពួក​គេ​នៅ​នឹង​កន្លែង។ ​លោក បាន​បន្ត​ទៀត​ថា «ការ​ផ្គត់​ផ្គង់​អាហារ​ដល់​ពួក​គេ​នៅ​ក្នុង​រូងភ្នំ អាច​នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន អាស្រ័យ​​​ទៅតាមការលំបាកនៃការ​​មុជ​ទឹក​»។ លោក​បន្ត «​ការ​ព្យាយាម​ជម្លៀស​អ្នក​ដែល​មិន​ចេះ​មុជ​ទឹក​ចេញ​ពី​ល្អាង​ភ្នំ គឺ​ជា​វិធី​មួយ​ដែល​គ្រោះ​ថ្នាក់​បំផុត បើ​ទោះ​បី​ជា​ការ​មុជ​ទឹក ​មិន​សូវ​ពិបាក​ក្តី»។

សូមជម្រាប​ថា ក្មេង​ៗ​ទាំង​១២​នាក់​ ព្រម​ទាំង​គ្រូ​បង្វឹក​របស់​ពួក​គេ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ល្អាងភ្នំ ថាម​លួង កាល​ពី​យប់​ថ្ងៃ​ទី​០២ ​កក្កដា ដោយ​ពួកគេ​នៅ​មាន​ជីវិត​នៅឡើយ៕

 

 

Related Articles

Back to top button
Close
Close