សម្តេចតេជោអំពាវនាវឲ្យគ្រប់គណបក្សគោរពគ្នាទៅវិញទៅមកក្នុងអំឡុងពេលឃោសនាបោះឆ្នោត
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះថា នៅសល់តែ៣៥ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតនឹងមកដល់។ នៅថ្ងៃទី៧ កក្កដា ខែក្រោយនេះ ការឃោសនាបោះឆ្នោតនឹងចាប់ដំណើរការជាផ្លូវការនៅទូទាំងប្រទេស (មានរយៈពេល២០ថ្ងៃគត់)។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយគ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់គោរពគ្នាទៅវិញទៅមក កុំប្រើពាក្យអសុរោះជេរបញ្ចោរ ហើយត្រូវគោរពសីលធម៌ និងសេចក្តីថ្លៃថ្នូរ។ សូមឃោសនាតែអំពីគណបក្សរបស់ខ្លួន គឺមិនត្រូវបន្តុះបង្អាប់គណបក្សឬបេក្ខជននៃគណបក្សដទៃឡើយ។ សូមជនរួមជាតិ ក្មួយៗយុវជន ព្រមទាំងកូនក្មួយកម្មករ កម្មការនីត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា។
ដើម្បីធានាបាននូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ ជម្រើសដ៏ល្អបំផុតរបស់ជនរួមជាតិ និងកូនក្មួយគឺ បោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី ២០។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា “ខ្ញុំសន្យានឹងនៅជាមួយជនរួមជាតិ និងកូនក្មួយយ៉ាងហោចណាស់១០ឆ្នាំទៅមុខទៀត!ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងបានសម្រាកសប្បាយរីករាយក្នុងថ្ងៃអាទិត្យនេះ។ សូមបើកបរជិតឆ្ងាយមានសុខសុវត្ថិភាពគ្រប់ៗគ្នា”។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៧ ខែកក្កដា រហូតទៅដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង៕