បុរសម្នាក់ត្រូវជនមិនស្គាល់មុខលួចបាញ់៥គ្រាប់សង្ស័យរឿងគុំនុំ

សារព័ត៌មាន​​​ Cambodia News/

ព្រះវិហារ ៖ កាលពីវេលាម៉ោង ២០ៈ៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីប៉ុនប៉ង មនុស្សឃាត នៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបណ្តាលឲ្យ បុរសម្នាក់ឈ្មោះ សែ សាវុធ អាយុ៣៤ឆ្នាំ រងរបួសធ្ងន់ដោយសារការបាញ់ប្រហារពីជនមិនស្គាល់មុខ ខណៈដែលជនរងគ្រោះកំពុងអង្គុយជក់បារី នៅមាត់ជណ្តើរផ្ទះ ។

នេះបើតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះឲ្យដឹងថា ខណៈពេលដែលប្តីរបស់គាត់កំពុងអង្គុយ ជក់បារីនៅមាត់ជណ្តើរផ្ទះ រីឯរូបគាត់ជាប្រពន្ធ និងម្តាយក្មេក កំពុងដេកនៅក្នុងផ្ទះ ក៏ស្រាប់តែឮសម្លេង បាញ់ប្រហារ ជាច្រើនគ្រាប់ និងឮសម្លេងប្តីរបស់គាត់ស្រែក ពេលនោះគាត់ចេញទៅមើលក៏ឃើញប្តីរបស់ គាត់ត្រូវគ្រាប់កាំភ្លើងពេញខ្លួន ចំនួន៥គ្រាប់ ក្នុងនោះ ២គ្រាប់ចំដើមដៃ ១គ្រាប់ចំគល់ ក ២គ្រាប់ ចំថ្គាម ខាងឆ្វេង តែសំណាងល្អមិនស្លាប់ ។

សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ដោយយោងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជារឿងគំនុំ ដែលកន្លងទៅគ្រួសាររបស់ជនរងគ្រោះ ត្រូវបានអ្នកភូមិនៅទីនោះចោទថា ចេះធ្វើ អំពើ ធ្មប់អាប ។ សមត្ថកិច្ចបន្ថែមទៀតថា កាលពីឆ្នាំមុន ឪពុករបស់ជនរងគ្រោះ ក៏ត្រូវបានបាញ់ សម្លាប់ផងដែរ ដោយជនមិនស្គាល់មុខ ដោយសង្ស័យចោទថា ឪពុករបស់ជនរងគ្រោះខាងលើ ចេះអំពើ ធ្មប់ ។

សូមបញ្ជាក់ថា ក្រោយកើតហេតុជនរងគ្រោះត្រូវបាន ក្រុមគ្រួសារ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែក ១៦មករា ក្រុងព្រះវិហារ ដើម្បីធ្វើការសង្រ្គោះ ប៉ុន្តែដោយសារស្ថានភាពរបួសរបស់ជនរងគ្រោះ ធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ដើម្បីធ្វើការសង្គ្រោះបន្ត ៕ ដោយ ធី ធារ៉ូ

Related Articles

Back to top button
Close
Close