សម្តេចតេជោ អំពាវនាវឲ្យបិទទំព័ររឿងពោតស្ងោរនៅថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្ឡូវការកំណាត់ផ្លូវជាតិលេខ៦ កាលពីព្រឹកថ្ងៃ ទី១១ ខែមិថុនា នេះ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងជាសាធារណៈលើកដំបូងទាក់ទងទៅនឹងករណីព្រះសង្ឃនៅខេត្តបន្ទាយមានជ័យដែលមានទំនាក់ទំនងមេត្រីជាមួយស្រីក្មេងនោះដោយទទូចសូមឲ្យបញ្ចប់ការជជែកនៅក្នុងបណ្តាញទំនាក់ទំនងសង្គម។
សម្តេចបញ្ជាក់ថា ដើម្បីការពារនូវតម្លៃ ព្រះពុទ្ធសាសនា និងការពារនូវតម្លៃស្ត្រីខ្មែរ រឿងមនុស្សតែពីរនាក់កុំបង្កើតរឿងរំជួយមេឃរំជួយដី ។ធ្វើឲ្យពោតឡើងថ្លៃ។ ធ្វើឲ្យពោតចុះថ្លៃ ។រឿងនេះគឺជារឿងមិនសមហេតុផលទាល់តែសោះ។ សម្ដេចបានសុំឲ្យរម្ងាប់អារម្មណ៍ក្នុងរឿងនេះព្រោះ ខាងព្រះសង្ឃ បានទទួលពិន័យរួចទៅហើយដែរ។ ស្ត្រីក៏ទទួលភាពអាម៉ាស់ខ្លាំងណាស់ទៅហើយ។
សម្តេចបន្តថាបានជាបង្កើតរឿងច្រើនពេកហើយខ្ញុំសុំថារឿងនេះនឹងត្រូវបានស្ងប់ហើយតាំងចិត្តឲ្យស្ងប់រៀងខ្លួនហើយបើចង់ទៅតាមផ្លូវតុលាការ ក៏ទៅតាមផ្លូវតុលាការដែលមានមេធាវីរៀងៗខ្លួន តុលាការកាត់ក្ដីដោយយុត្តិធម៌ ដោះស្រាយតាមផ្លូវច្បាប់ទៅ ដើម្បីបញ្ចប់បញ្ហាកុំឲ្យ នាំខូចព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋបិទទំព័រទៅនៅថ្ងៃនេះ៕