ស្ត្រីក្រីក្រមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលចាប់ពីពាក់កណ្តាលឆ្នាំ២០១៩
កំពង់ចាម ៖ ក្នុងឱកាសចុះជួប សំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនី មកពីរោងចក្រ សហគ្រាស ចំនួន៨ ស្ថិតក្នុភូមិរវាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃពុធទី៦ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្រកាសថា ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ តទៅស្ត្រីមានផ្ទៃពោះដែលមានជីវភាពក្រីក្រនឹងទទួលបាននូវគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល។គឺស្ត្រីមានផ្ទៃពោះដែលត្រូវសម្រាលកូននឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមដំណាក់កាល៣លើក។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថាដំណាក់កាលទាំងបីនោះមាន៖១.កំឡុងពេលពរពោះ ពី៩ខែទៅ១០ខែ ទទួលបានថវិកាបួនដង ដោយក្នុងមួយដងចំនួនបួនម៉ឺនរៀល។ទី២.ក្នុងកំឡុងពេលសម្រាលកូន គឺទទួលបានថវិកា ២០ម៉ឺនរៀលនិងទី៣.ក្រោយពេលសម្រាលកូនហើយរហូតដល់កូនអាយុបាន២ឆ្នាំគឺទទួលបានថវិកាចំនួន១០ដងដោយក្នុង១ដងទទួលបានប្រាក់ឧបត្ថម្ភចំនួនបួនម៉ឺនរៀល។
សម្តេចតេជោបានបញ្ជាក់ថា នេះជាគោលនយោបាយថ្មីមួយទៀតដែលរាជរដ្ឋាភិបាលបានដាក់ចេញបន្ទាប់ពី រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមចំពោះស្ត្រីដែលជាកម្មការនី,ស្ត្រីដែលជាមន្ត្រីរាជការ។ ទន្ទឹមនឹងនេះសម្តេចតេជោបានប្រកាសសារជាថ្មីថាសម្តេចនឹងបន្តនៅមើលថែរកូនក្មួយកម្មករកម្មការនីយើងក្នុងរយៈពេលយ៉ាងតិច ១០ឆ្នាំ បន្តទៀត៕