សម្តេចតេជោ ហ៊ុន សែន ៖ ឆ្នាំនេះជាខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈនយោបាយ ឈ្នះ ឈ្នះ
សារព័ត៌មាន Cambodia News/
បាត់ដំបង ៖ ក្នុងពេលអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រស៊ីម៉ងត៍បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត (Battambang Conch Cement Company Limited) មានទីតាំងនៅតំបន់ភ្នំដូនម៉ាយ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ៣១ ខែ ឧសភា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំនេះជាខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ។
សម្តេចបានបន្តថា ក្រោយបញ្ចប់សង្គ្រាម យើងបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន២ គឺការប្រែក្លាយតំបន់សមរភូមិឲ្យទៅជា តំបន់អភិវឌ្ឍន៍ និង ការប្រែកា្លយព្រំដែនជាមួយប្រទេសជិតខាងទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និង អភិវឌ្ឍន៍។
សម្ដេចបានរំលឹកថា “កាលពីអតីត កម្ពុជាមិនដែលមានរាដ្ឋាភិបាលណាមួយ គ្រប់គ្រងទឹកដីបានទាំងស្រុងនោះទេ។ ទើបមកដល់ឆ្នាំ១៩៩៨ ទើបយើងមានព្រះមហាក្សត្រមួយ រដ្ឋាភិបាលមួយ ប្រទេសមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ រដ្ឋបាលតែមួយ”។
យើងគ្មានជំរើសណាឲ្យល្អជាងការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជានោះទេ។ ក្របខណ្ឌ នៃគោលនយោបាយឈ្នះឈ្នះ មាន៣ ក្នុងនោះមានទី១.ធានានូវអាយុជីវិតនិងរូបកាយ, ទី ២.ការធានាមុខតំណែងនិងតួនាទីឲ្យនៅដដែល, ទី៣.ធានាទ្រព្យសម្បត្តិទាំងអចលនទ្រព្យ និងចលនទ្រព្យរបស់ប្រជាពលរដ្ឋ៕ ដោយ ៖ សហការី