អភិបាលរាជធានីដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១២ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់ផែនការឲ្យអាជ្ញាធរខណ្ឌទាំង១២និងមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញសិទ្ធិ ឬក៏ការប្រើប្រាស់សិទ្ធិក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបក្នុងការបោះឆ្នោត។
ក្រោយបញ្ចប់កិច្ចប្រជុំ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ ក្នុងកិច្ចប្រជុំនោះ គឺលោកអភិបាលបានណែនាំដល់អាជ្ញាធរខណ្ឌទាំង១២ រួមនឹងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះរៀបចំសណ្តាប់ធ្នាក់ចាប់តាំងពីពេលនេះតទៅរហូតដល់ពេលបោះឆ្នោតនិងបានជំរុញឱ្យអាជ្ញាធរខណ្ឌ មន្ទីរ ពាក់ព័ន្ធធ្វើការផ្សព្វផ្សាយប្រជាពលរដ្ឋ ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង ក៏បានលើកឡើងដែរថា កំណាត់ផ្លូវ១១ខ្សែ ដែលអាជ្ញាធររាជធានី ប្រគល់សិទ្ធិរៀបចំឱ្យអាជ្ញាធរខណ្ឌអ្នកទទួលខុសត្រូវនោះ ឃើញថា មានវឌ្ឍនភាពល្អប្រសើរហើយ លើកលែងតែទីតាំងមួយចំនួន ពិបាកក្នុងការៀបចំ ដូចជានៅតាមផ្លូវ២៧១ ម្តុំមុខពេទ្យរុស្ស៊ី ផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខក្រសួងការងារ និងនៅតាមបណ្តាទីតាំងអាជីវកម្មមួយចំនួន ៕