រដ្ឋមន្ត្រីពាក់ព័ន្ធត្រូវមាត់រឿងពុលនៅក្រចេះ ត្រូវមាត់នាយករដ្ឋមន្ត្រី
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែឧសភានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រមានដករដ្ឋមន្ត្រីណាដែលរំលោភបំពានអំណាច និងមិនគោរពឋានុក្រម និងកុំឲ្យមានការសាចទឹកដាក់គ្នានៅក្នុងរដ្ឋាភិបាល ពាក់ព័ន្ធករណីពុលស្លាប់នៅភូមិស្រែន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីពេលកន្លងទៅនេះ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា “រឿងនេះមិនគួរឲ្យកើតមាននៅក្នុងគណៈរដ្ឋមន្ត្រី យើងសោះហើយជាការដាស់តឿន បើអស់លោកចង់រាយការណ៍ឲ្យខ្ញុំអស់លោករាយការណ៍ ប៉ុន្តែអស់លោកមិនត្រូវយករបាយការណ៍ដែលរាយការណ៍ឲ្យខ្ញុំទៅប្រាប់អ្នកកាសែត មុនពេលដែលមកដល់នាយករដ្ឋមន្ត្រីនោះទេ ហើយបើមានកិច្ចការបន្ទាន់វ៉ាតអាប់(WhatsApp) ឬតេឡាក្រាម (Telegram) ឬឡាញ (Line)។
អស់លោកអាចទូរស័ព្ទមកខ្ញុំបានតើ។បញ្ជូនមកតាមរយៈខ្ញុំបានតើ? ម៉េចក៏ចាំបាច់ទៅនិយាយជាមួយអ្នកសារព័ត៌មានឲ្យស្រង់ព័ត៌មានវ៉ៃបកគ្នារវាងរដ្ឋមន្ត្រីសាចទឹកបាចទឹកដាក់គ្នាយ៉ាងដូច្នេះ នៅក្នុងពេលដែលរដ្ឋមន្ត្រីមួយទទួលបាននៅអំណាចដើម្បីផ្សព្វផ្សាយបញ្ហានេះ នៅក្នុងការទទួលខុសត្រូវ។ អីចឹងទេ ខ្ញុំមានការឈឺចាប់ណាស់ជាមួយនិងអ្វីដែលបានកើតឡើង។”
ទាក់ទងករណីពុលស្លាប់នៅខេត្តក្រចេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យយករបាយការណ៍របស់ក្រសួងសុខាភិបាលដែលបានចេញកន្លងមកនេះ គឺជារបាយការណ៍ផ្លូវការ គ្មានអ្នកណាមួយដែលអាចបដិសេធអាហ្នឹងទេ។ បញ្ជាក់ឲ្យច្បាស់អំពីបញ្ហានេះ កុំឲ្យមានរឿងតទៅទៀត៕