អ្នកជក់បារី នៅតាមទីសាធារណៈ និងតំបន់ហាមឃាត់ត្រូវផាកពិន័យ ម្នាក់២ម៉ឺនរៀល
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ក្រោមប្រធានបទ «ថ្នាំជក់ និងជំងឺបេះដូង» កាលពីថ្ងៃទី២៤ ខែឧសភា នៅទីស្ដីការក្រសួងសុខាភិបាល រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល នឹងចាប់ផ្ដើមផាកពិន័យចំពោះអ្នកជក់បារី នៅតាមសាធារណៈ និងតំបន់ហាមឃាត់ រួមទាំងតាមភោជនីយដ្ឋាន និងសណ្ឋាគារ ក្នុងពេលឆាប់ខាងមុខនេះ ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «ក្រសួងសុខាភិបាល សហការជាមួយក្រសួងយុត្ដិធម៌ យើងមានក្រុមធិការកិច្ចជាង៥០០នាក់ សម្រាប់ធ្វើការទៅលើច្បាប់អនុក្រឹត្យ ហើយបើកសិនជាជនណាល្មើសជក់បារី ក្នុងតំបន់ហាមឃាត់ នឹងធ្វើការផាកពិន័យ ម្នាក់២ម៉ឺនរៀល ។ លើសពីនោះ បើចាប់បានអ្នកជក់ក្នុងភោជនីយដ្ឋាន ឬសណ្ឋាគារ នឹងផាកពិន័យគុណនឹង២ ទៅលើម្ចាស់ហាងតែម្ដង ដែលស្មើ៤ម៉ឺនរៀលក្នុងមួយដង»។
ដើម្បីកាត់បន្ថយអ្នកស្លាប់ និងឈឺដោយសារជក់ និងស្របផ្សែងបារី ក្រសួងសុខាភិបាល បានសហការជាមួយដៃគូពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល បានបង្កើតអនុក្រឹត្យស្ដីពី ការរៀបចំ និងប្រព្រឹត្ដិទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានតំណាងពាក់ព័ន្ធចំនួន២០ក្រសួង ភាគីពាក់ព័ន្ធទូទាំង ក្នុងការពង្រឹង និងអនុវត្ដន៍ឲ្យមានតម្លាភាព។
ក្រសួងសុខាភិបាល និងដៃគូសហការ បានធ្វើការអំពាវនាវព្រមគ្នា ដល់ប្រជាពលរដ្ឋ ឲ្យឈប់ជក់បារី ដែលធ្វើឲ្យប៉ះពាល់សុខភាពខ្លួនយើង គ្រួសារ និងអ្នកជុំវិញ រហូតដល់ដល់ស្លាប់បាត់បង់ជីវិត។ ចំណែកឯម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ទាំងនៅតាមទីប្រជុំ សាធារណៈ សូមបិទស្លាកសញ្ញា ហាមជក់បារី និងហាមដាក់ចានគោះបារី ជាដាច់ខាត៕ ដោយ ៖ សារព័ត៌មាន Cambodia News/