ប៉ែកខាងកើត​នៃប្រទេសចិន​ត្រៀមខ្លួន​ជាស្រេច​រង់ចាំ​ការមកដល់​នៃខ្យល់​ព្យុះ​សង្ឃរា​ Haikui​

ទីក្រុងសៀងហៃនិងប៉ែកខាងកើតនៃ ប្រទេសចិនបានទទួលរងការបោកបក់នៃខ្យល់ព្យុះសង្ឃរាតាំងពីថ្ងៃអង្គារ ទី៧សីហា ដោយមានកម្លាំងខ្យល់បោកបក់ ដល់ទៅ ១០០គ.ម.ក្នុង១ម៉ោង។ ដោយក្តីប្រុងប្រយ័ត្ន អាជ្ញាធរចិនបានជម្លៀសប្រជាជនប្រមាណ៦សែននាក់ ក្នុងគោលបំណងចៀសវាងកុំឲ្យគ្រោះមហន្តរាយ កើតមានដូចនៅទីក្រុងប៉េកាំង កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅទៀត។គ្រោះមហន្តរាយនៅទីក្រុងប៉េកាំងដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ កាលណោះ៧៩នាក់។

ទឹកភ្លៀងធ្លាក់ជោគជាំ ខ្យល់ព្យុះបោកបក់យ៉ាងខ្លាំងអស់រយៈពេលមួយយប់ ហើយអាចបន្តសកម្មភាពរបស់ខ្លួនរហូតដល់ចុងសប្តាហ៍នេះផងទៀត។ ខ្យល់ព្យុះ សង្ឃរា Haikui នេះ ជាខ្យល់ព្យុះសង្ឃរាទីបីដែលបានបោកបក់មកលើប្រទេសចិនប៉ែកខាងកើតក្នុង រយៈកាលតែមួយសប្តាហ៍ប៉ុណ្ណោះ។

នៅខេត្តជឹជាំងដែលឆ្នេរសមុទ្រត្រូវទទួលរងការបោកបក់ដោយខ្យល់ព្យុះសង្ឃរា Haikui ប្រជាជនប្រមាណ២សែន៥ម៉ឺននាក់បានត្រូវគេជម្លៀសយកទៅ ដាក់នៅក្នុងសាលារៀនឬកីឡាដ្ឋានដ៏មាំមួន។ នៅឯទីក្រុងសៀងហៃវិញ មានប្រជាជនដល់ទៅ៣៧៤ ០០០នាក់បានត្រូវគេបង្ខំឲ្យចាកចេញពីលំនៅដ្ឋាន រខេករខាក របស់ខ្លួន ក៏ដូចគ្នាអ៊ីចឹងដែរ សម្រាប់កម្មករសាងសង់អាគារធំៗនៅទីក្រុងសៀងហៃ ដែលរស់នៅក្នុងការដ្ឋានពុំមាំមួន។

ទីក្រុងសៀងហៃដែលមានប្រជាជនប្រមាណ២៣លាននាក់រស់នៅ បានបិទទ្វារសួនឧទ្យានរបស់ខ្លួន ហើយព្រលានយន្តហោះនៃទីក្រុងសៀងហៃក៏ជួបនឹង ការ លំបាក យ៉ាងខ្លាំងដែរ។ ការហោះហើរប្រមាណជាង២០០បានត្រូវគេលើកពេលវេលា។

ចំណែលឯក្រុមហ៊ុនទូរស័ព្ទដៃឈ្មោះ China Mobile វិញ បានត្រៀមលក្ខណៈជាស្រេចនឹងបញ្ជូនសារថ្លែងប្រាប់អ្នកជាវរបស់ខ្លួន បើប្រសិនជាស្ថានការណ៍ ធ្លាក់ចុះធ្ងន់ធ្ងរ។ ម្តងនេះ អាជ្ញាធរចិនប្រុងប្រៀបរៀបចំ ធ្វើយ៉ាងណាកុំឲ្យកើតមានគ្រោះមហន្តរាយដូចនៅទីក្រុងប៉េកាំងកាលពីខែ កក្កដាកន្លងទៅ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់កាលណោះប្រមាណ៧៩នាក់៕ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close