តារាអាមេរិកាំង​​ ​Madonna ​​បន់ស្រន់​​ដើម្បី​​សេរីភាព​​អ្នកចម្រៀង​​រុស្ស៊ី​​៣នាក់​​

ពេលសំដែងយប់មិញក្នុងសាលតន្ត្រីមួយ នៅក្រុងម៉ូស្គូដែលចំណុះទស្សនិកជនបាន២១.៥០០នាក់ អ្នកចម្រៀងអាមេរិកាំងដ៏សែនល្បីល្បាញនៅក្នុងលោក គឺអ្នកស្រី Madonna បានអំពាវនាវអាជ្ញាធររុស្ស៊ី ឲ្យដោះលែងទៅ នារីរុស្ស៊ី៣នាក់នៃក្រុមចម្រៀង ឈ្មោះ Pussy Riot ដែលជាប់ក្នុងមន្ទីរឃុំឃាំងអស់ ជាង៥ខែហើយ ដោយគ្រាន់តែមកពីគេបានថ្លោះការទៅច្រៀងក្នុងវិហារគ្រិស្តសាសនាមួយ នៃរដ្ឋធានីរុស្ស៊ី។

ជាបឋមគួររំលឹកថា គឺកាលពីថ្ងៃ២១កុម្ភៈឆ្នាំ២០១២នេះ ដែលនារីរុស្ស៊ី៣នាក់នោះនៃក្រុមចម្រៀងឈ្មោះ Pussy Riot បានចូលទៅឡកផង ច្រៀងផង ក្នុងវិហារ គ្រិស្តសាសនាដ៏ធំបំផុតនៅរុស្ស៊ី ទាំងបន់ស្រន់សុំឲ្យព្រះជាម្ចាស់ បណ្តេញរូបលោកពូទីនចេញពីអំណាចទៅ។ ចម្រៀងនោះថែមទាំងបន្លឺឡើងនូវការទិតៀន ឥតថ្នមសំដីទេ ទល់នឹងរូបលោកប្រមុខរដ្ឋរុស្ស៊ី និងរូបសម្តេចសង្ឃ Kirill ដែលជាប្រមុខគ្រិស្តសាសនាអ័រថូដុក្សទូទាំងប្រទេសរុស្ស៊ី តែម្តង។

ក្រោយមក ស្របនឹងដីកាចេញដោយតុលាការក្រុងម៉ូស្គូ នារីទាំង៣នាក់នោះ ដែលម្នាក់ៗអាយុ ជាង២០ឆ្នាំបន្តិច តាំងពីខែមីនាមក ត្រូវបានឃាត់ខ្លួនហើយ នៅជាប់ក្នុងមន្ទីរឃុំឃាំងដោយនៅរង់ចាំការប្រកាសសាលក្រមកាត់ទោស គេ។ ម្សិលមិញភាគីរដ្ឋអាជ្ញា បានទាមទារឲ្យតុលាការកាត់ទោសគេម្នាក់ៗ ឲ្យជាប់ ពន្ធនាគារ៣ឆ្នាំ ចំពោះ ”អំពើយូកូម” ដែលគេបានប្រព្រឹត្តទាំងប្រមាថ លើមនោសញ្ចេតនានៃគ្រិស្តបរិស័ទនៅរុស្ស៊ី។

ការដែលអាជ្ញាធររុស្ស៊ី បន្តឃុំឃាំងនារីទាំង៣នាក់នោះ គឺញ៉ាំងឲ្យមានការជួយឈឺឆ្អាលពីខាង មជ្ឈដ្ឋានសិល្បករក្នុងប្រទេសក៏ដូចជាបរទេស។

យ៉ាងណាមិញ តារាអ្នកចម្រៀងអាមេរិកាំងដ៏សែនល្បីល្បាញ Madonna ដោយសាមគ្គីជាមួយនារីអភ័ព្វទាំង៣នាក់នោះ ថែមទាំងបាន សរសេរ ឈ្មោះ Pussy Riot នោះ នៅលើខ្នងរបស់គាត់ទៅផង។ ក្នុងចន្លោះពេលពីចម្រៀងមួយបទទៅមួយបទ Madonna បានចោទជាសំនួរទៅទស្សនិកជនទាំងជាង២ម៉ឺននាក់ តើគេសាមគ្គីជាមួយគាត់ឬទេ ក្នុងការទាមទារឲ្យដោះលែងអ្នកទាំងនោះ។ ជាចម្លើយគាត់តែងឮ សូរលាន់ទ្រហឹងគាំទ្រគាត់រំពងចេញមកពីសាលតន្ត្រី។

ក្នុងបទអន្តរាគមន៍របស់គាត់ សឹង១០នាទី Madonna បានដំណាលថា ជាសំណាងល្អណាស់ សម្រាប់គាត់ ដែលគាត់រស់នៅស.រ.អា. ជាទីដែលអាជ្ញាធរមិន ធ្វើទុក្ខបុកម្នេញឡើយ ទៅលើពលរដ្ឋរូបណាក៏ដោយ បូកទាំងសិល្បករ សិល្បការិនីផងចំពោះការហ៊ានបញ្ចេញមតិខ្លួន។ Madonna ក៏បន្ថែមថា ៖ “នារីរុស្ស៊ី ៣នាក់នោះ បានបង់ថ្លៃគ្រប់គ្រាន់ទៅហើយ ដោយបាត់បង់សេរីភាពខ្លួនអស់ជាង៥ខែមកហើយ គ្រាន់តែមកពីគេហ៊ានបញ្ចេញមតិគេ ហើយខ្ញុំសង្ឃឹមថា នៅទីបំផុតគេនឹងទទួលសេរីភាពឡើងវិញ។ ខ្ញុំចង់ឲ្យពិភពលោកយើង សណ្ឋិត ទៅដោយ សុខសន្តិភាព សេរីភាព និង ទេពកោសល្យ។ តើអ្នកយល់ ដូចខ្ញុំឬទេ?”។ ជាថ្មីម្តងទៀត សាលតន្ត្រី ផ្ទុះទៅដោយសូរទះដៃលាន់ទ្រហឹង គាំទ្រតារាអ្នកចម្រៀងអាមេរិកាំង Madonna៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close