គ.ជ.ប សម្រេចទទួលស្គាល់គណបក្សនយោបាយចំនួន២០ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៣ ខែឧសភា នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ចុះបញ្ជីគណបក្សនយោបាយសរុបចំនួន២០ ជាផ្លូវការហើយ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
គណបក្សនយោបាយចំនួន២ ដែល គ.ជ.ប សម្រេចទទួលស្គាល់ចុះបញ្ជីនៅថ្ងៃទី២៣ ខែឧសភានេះ គឺគណបក្សរស្មីខេមរា និងគណបក្សជនជាតិដើមប្រជាធិបតេយ្យ។ ការទទួលស្គាល់ចុះបញ្ជី គឺបន្ទាប់ពីគណបក្សទាំងពីរ បានបំពេញឯកសារគ្រប់លក្ខខណ្ឌ សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះដាក់ មក គ.ជ.ប នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
គណបក្សនយោបាយទាំង២០ ដែលគ.ជ.ប សម្រេចចុះបញ្ជីមានដូចជាៈ ១.គណបក្សប្រជាជនកម្ពុជា ឈរនៅ ២៥មណ្ឌល។ ២.គណបក្សយុវជនកម្ពុជា ឈរនៅ ១៧មណ្ឌល។ ៣.គណបក្សសញ្ជាតិកម្ពុជា ឈរនៅ ២៥មណ្ឌល។ ៤.គណបក្សខ្មែររួបរួមជាតិ ឈរនៅ ២៥មណ្ឌល។ ៥.គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរនៅ ២៥មណ្ឌល។ ៦.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឈរនៅ ២៥មណ្ឌល។
៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅ ២៥មណ្ឌល។ ៨.គណបក្សពន្លឺថ្មី ឈរនៅ១៣មណ្ឌល។ ៩.គណបក្សខ្មែរតែមួយ ឈរនៅ១៦មណ្ឌល។ ១០.គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឈរនៅ២៥មណ្ឌល។ ១១.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១២មណ្ឌល។ ១២.គណបក្សខ្មែរឈប់ក្រ ឈរនៅ ២៥មណ្ឌល។ ១៣.គណបក្សធម្មាធិបតេយ្យ ឈរនៅ ១០មណ្ឌល។
១៤.គណបក្សខ្មែរក្រោក ឈរនៅ៦មណ្ឌល។ ១៥.គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ឈរនៅ១៦មណ្ឌល។ ១៦.គណបក្សមាតុភូមិយើង ឈរនៅ៦មណ្ឌល។ ១៧.គណបក្សឆន្ទៈខ្មែរ ឈរនៅ ២៥មណ្ឌល។ ១៨.គណបក្សខ្មែរសាធារណរដ្ឋ ឈរនៅ ១០មណ្ឌល។ ១៩.គណបក្សរស្មីខេមរា ឈរនៅ៧មណ្ឌល និង២០គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ឈរនៅ១១មណ្ឌល៕