អ្នកនាំពាក្យ ៖ ការដោះលែងលោក ញឹក ប៊ុនឆៃ ជាអំណាចតុលាការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ពីការលើកលែងទោស លោក ញឹក ប៊ុនឆៃ ថា ជាអំណាចតុលាការ មិនពាក់ព័ន្ធនឹងនយោបាយឡើយ ហើយការអំពាវនាវរបស់លោកសម រង្ស៊ី មិនឲ្យពលរដ្ឋទៅបោះឆ្នោត ជាជាគំនិតឧទ្ទាម។
ប្រតិកម្មនេះ បន្ទាប់ពីមានមតិមួយចំនួន រិះគន់អំពីតុលាការថា ដោះលែងលោកញឹក ប៊ុនឆៃ ស្ថិតក្នុងសម្ពាធនយោបាយ និងស្របពេលលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានអំពាវនាវកុំឲ្យពលរដ្ឋទៅ បោះឆ្នោតនៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការសម្រេច ដោះលែងឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន នៅយប់ថ្ងៃទី៣០ មេសា ក្រោយតុលាការឃុំខ្លួន ក្នុងពន្ធនាគារកាលពីថ្ងៃទី៦ ខែសីហា ពាក់ព័ន្ធករណីផលិតគ្រឿងញៀន ។ ការដោះលែងដោយស្ងៀមស្ងាត់នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងប្រទេស ព្រោះពុំមានព័ត៌មានណាមួយ ចេញផ្សាយជាមុនថា នឹងមានការដោះលែងនោះទេ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ សីហា ឆ្នាំ២០១៧ បានសម្រេចចោទប្រកាន់ និងឃុំខ្លួន លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពីបទសមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុ សម្រាប់ផ្សំគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕