ក្រសួងព័ត៌មានស្នើឱ្យក្រសួងការបរទេសជួយអន្ដរាកមន៍ទៅវិទ្យុអាស៊ីសេរី រឿងផ្សាយព័ត៌មានមិនពិត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ មិនា ២០១៨) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលិខិតមួយច្បាប់ ជូនលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីស្នើសុំជួយអន្តរាគមន៍ទៅវិទ្យុអាស៊ីសេរី RFA ធ្វើការកែសម្រួលការផ្សាយព័ត៌មានមិនពិត ស្តីពី បញ្ហាជម្លោះដីធ្លី នៅខេត្តក្រចេះ តាមរយៈស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។
ក្នុងលិខិត ២ ទំព័រ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ លើកឡើងថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វិទ្យុអាស៊ីសេរី បានផ្សាយព័ត៌មានមិនពិតថា មានប្រជាពលរដ្ឋចំនួន ៦នាក់ បានស្លាប់ និងរបួសចំនួន ៤០ នាក់ នៅក្នុងហេតុការណ៍បង្កហិង្សាជម្លោះដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨។ ក៏ប៉ុន្តែតាមការពិត ករណីនេះ មិនមានអ្នកស្លាប់នោះទេ ហើយអ្នករបួសក៏មិនច្រើនដូចការផ្សព្វផ្សាយនោះដែរ។
តាមលិខិតដដែល ហេតុការណ៍ហិង្សាទំនាស់ដីធ្លី ដែលបានកើតឡើងនៅស្រុកស្នួល ខេត្តក្រចេះនេះ គឺផែនការរបស់វិទ្យុអាស៊ីសេរី ដែលតែងតែឃុបឃិតជាមួយគណបក្សប្រឆាំង រៀបចំឡើងជាបន្តបន្ទាប់ បំផុសឲ្យប្រជាពលរដ្ឋប្រឆាំងនឹងរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច បង្កឲ្យមានអំពើហិង្សាកើតឡើង ដើម្បីទម្លាក់កំហុស និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់ថា “នេះគឺជាអំពើបំពានច្បាប់ អសីលធម៌ គ្មានវិជ្ជាជីវៈ និងជាចេតនាទុច្ចរិតរបស់អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ដែលតែងតែបានបង្កើតបញ្ហាជាបន្តបន្ទាប់ ម្តងហើយម្តងទៀត ដោយធ្វើសកម្មភាពញុះញង់ បង្កឲ្យកើតមានអំពើហិង្សា ការរើសអើង បង្កចលាចលសង្គម ដែលអាចបណ្តាលឲ្យអន្តរាយដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងអរិភាពជាមួយប្រទេសដទៃ នាពេលកន្លងមក”៕