អ្នកប្រើហិង្សាវាយប៉ុនប៉ងសម្លាប់លោក ស៊ុយ សារ៉េត រត់គេចខ្លួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ មិនា ២០១៨) ៖ មនុស្សមួយក្រុមប្រើហិង្សា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្បែរមន្ទីរពេទ្យលោកសង្ឃ ដោយវាយប៉ុនប៉ងសម្លាប់លោក ស៊ុយ សារ៉េត នោះ បានរត់គេចខ្លួនចេញពីផ្ទះអស់ហើយ ។ យ៉ាងណាក៏ដោយសមត្ថកិច្ចបានកំណត់អត្តសញ្ញាណអស់ហើយ ។
នេះបើយោងតាមការបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានរបស់លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ។
លោក ជួន សុវណ្ណ បានប្រកាសថា កម្លាំងសមត្ថកិច្ចរបស់លោក នឹងខិតខំប្រឹងប្រែងតាមចាប់ជនដៃដល់ទាំងនោះឲ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោកបញ្ជាក់ថា យើងបានកំណត់មុខសញ្ញាចំនួន៤នាក់ហើយ ដែលជាជនដៃដល់ខ្លាំងបំផុត ប៉ុន្ដែពួកគេ បានរត់ចោលស្រុកអស់ហើយ ។
សូមជម្រាបថា កាលពីម្សិលមិញ កូនស្រីរបស់លោក ស៊ុយ សារ៉េត ឈ្មោះ សារ៉េត សុផាធិតាពេជ្រ អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានសម្រេចដាក់ពាក្យប្ដឹងក្រុមជនបង្ក ដែលបានប្រព្រឹត្តអំពើវាយដំប៉ុនប៉ងធ្វើមនុស្សឃាត លើឪពុករបស់ខ្លួន ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌ ។
តាមបណ្តឹងគឺទាមទារឲ្យសមត្ថកិច្ចស្វែងរកមុខជនក្រុមបង្ក ដើម្បីទទួលខុសត្រូវ ចំពោះអំពើដែលពួកគេបានប្រព្រឹត្តមកលើលោក ស៊ុន សារ៉េត និងទាមទារនូវសំណងជំងឺចិត្តចំនួន១២០០លានរៀល ដែលប្រហែលនឹង៣០ម៉ឺនដុល្លារផងដែរ ៕