ធ្លាក់យន្តហោះនៅនេប៉ាល់ឆក់យកជីវិតមនុស្ស៤៩នាក់ និង២២នាក់របួស
សារព័ត៌មាន Cambodia News/
កាត្មាន់ឌូ (១៣ មីនា ២០១៨) ៖ ក្រុមសង្គ្រោះបានឲ្យដឹងថា សាកសពចំនួន៤៩នាក់ ត្រូវបានយកចេញពីគំនរយន្តហោះ ដែលបានឆេះ និងបែកជាបំណែក និង២២នាក់របួស ក្រោយពីបានរអិលធ្លាក់ផ្លូវចុះចត ហើយបុកពេញទំហឹងនឹងទីលានបាល់ទាល់ ដែលនៅក្បែរព្រលានក្នុងទីក្រុងកាត្មាន់ឌូនោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
ក្រុមអាជ្ញាធររដ្ឋាភិបាល បាននិយាយនៅទីនេះថា មនុស្សចំនួន៤៩នាក់បានស្លាប់ និង២២នាក់របួស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ US-Bangla បានធ្លាក់នៅពេលចុះចត នៅឯព្រលានយន្តហោះអន្តរជាតិ Tribhuvan របស់ប្រទេស នេប៉ាល់ (TIA) កាលពីរសៀលថ្ងៃចន្ទ ។
ក្រុមអាជ្ញាធរបាននិយាយថា ឧប្បត្តិហេតុបានកើតឡើង ដោយសារ “កំហុសបច្ចេកទេស” របស់ពីឡុត។ ជើងហោះហើរ UBG211 បានធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី Kathmandu ដោយចេញមកពីក្រុង ដាកា ប្រទេសបង់ក្លាដេស ។ យន្តហោះមុនពេល ចុះចតបានហោះក្រឡឹង២ជុំរួចទៅហើយ ។
សូមជម្រាបថា នេះគឺជាករណីស្លាប់មនុស្សជាច្រើននាក់នៅឯព្រលានយន្តហោះអន្តរជាតិ របស់នេប៉ាល់តែមួយគត់ បន្ទាប់ពីមានករណីធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសតួកគី បានធ្លាក់នៅពេលចុះចត នៅក្នុងខែមីនា ឆ្នាំ២០១៥ មិនមានអ្នកស្លាប់ឡើយ៕