រដ្ឋបាលខេត្តក្រចេះប្រកាសថា គ្មានអ្នកស្លាប់ តែមានប្រជាពលរដ្ឋរបួស២នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មីនា ២០១៨) ៖ បន្ទាប់ពីមានផ្ទុះអំពើហិង្សាមួយបានផ្ទុះឡើងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ នៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ កាលពីរសៀលម្សិលមិញ ខណៈកម្លាំងសមត្ថកិច្ចនិង អាជ្ញាធរ ព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង ក្រោយពីសមត្ថកិច្ច ចម្រុះក្រោមការដឹកនាំរបស់លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះទៅរុះរើសំណង់តូចៗរបស់ពួកគាត់ស្ថិតនៅក្នុងក្រុមហ៊ុនចំការកៅស៊ូមេមត់ ។
ស្រាប់តែព័ត៌មានមួយផ្ទុះឡើង គឺកាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយថា បាតុភាពនៃអំពើហិង្សា នោះបណ្តាលឲ្យពលរដ្ឋ៦នាក់បានស្លាប់ និងរងរបួសជាង៤០នាក់ដែលព័ត៌មាននេះផ្ទុយពីការពិតទាំងស្រុង។
ភ្លាមៗនោះ រដ្ឋបាលខេត្តក្រចេះ បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសទាត់ចោល ព័ត៌មានដែលបានចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ។ តាមសេចក្តីថ្លែងការណ៍រដ្ឋបាលខេត្ត ក្រចេះបានអះអាងថា ព្រឹត្តិការណ៍ផ្ទុះហិង្សានោះពុំមិនមានពលរដ្ឋណាម្នាក់ស្លាប់នោះឡើយ ដោយមានតែពលរដ្ឋ២នាក់ប៉ុណ្ណោះ ដែលរងរបួស ៕