សម្តេច ហ៊ុន សែន បញ្ជាក់ថាថ្មី ៖ «ដួងព្រលឹងរបស់ខ្ញុំនៅនឹងនាគរាជ» ការាដុតរូបទីងម៉ោងវាគ្មានឥទ្ធិពលអ្វីនោះទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ មីនា ២០១៨) ៖ ក្នុងឱកាសអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ នៅព្រឹកថ្ងៃទី១ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីមួយចំនួនតូចដែលបានដុតរូបទីងម៉ោងរបស់នាយករដ្ឋមន្ត្រីកម្ពុជា គឺជាការយល់ខុសទាំងស្រុង ព្រោះវាគ្មានឥទ្ធិពលអ្វីនោះទេ ។
សម្តេចក៏បានចំអកទៅមនុស្សមួយចំនួនតូចនៅប្រទេសអូស្ត្រាលីដែលបានដុតរូបទីងម៉ោងមានបិទរូបថតរបស់សម្តេចថា គេខំដុតមែន តែវាឥតបានប្រយោជន៍អីនោះទេ ព្រោះត្រូវដឹងថា «ចាំទៅអាពៅអើយ វិធីនេះឥតបានការនោះទេ… ដូងព្រលឹងខ្ញុំករុណា ខ្ញុំនៅនឹងនាគរាជ ជាប់នៅវិហារហ្នឹងឯង» អញ្ចឹងទាល់តែវាយកំទេចគ្រប់រូបនាគរាជនៅតាមវិហារទាំងអស់ ទើបមានប្រសិទ្ធភាព។
សម្តេចតេជោ ហ៊ុន សែន បន្តថា អ្នកទាំងនោះបានដុតរូបសម្តេច ទាមទារឱ្យរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីអូស្ត្រាលី កុំឱ្យអញ្ជើញរូបសម្តេចូលរួមកិច្ចប្រជុំពិសេសនៅថ្ងៃទី ១៧-១៨ ខែមីនា នៅទីក្រុងស៊ីដនី គឺដោយសារអ្នកអស់ទាំងនោះ អត់យល់អំពីអ្វីហៅថា អាស៊ាន ។
សម្តេចបាន បញ្ជាក់ថា៖ «អាស៊ាន បើឥតហៅ ហ៊ុន សែន វាឥតគ្រប់ទឹក»។ សម្តេចបន្តទៀតថា ការមិនគ្រប់ទឹករបស់អាស៊ាន គឺមិនមែនដូចសភាទេ ព្រោះមិនមែនយកជាសម្លេងភាគច្រើន ឬសម្លេងភាគតិចទេ តែបើអត់មានវត្តមានរបស់សម្តេចនោះកិច្ចប្រជុំកំពូលពិសេសលើកទី១ ដែលនាយករដ្ឋមន្ត្រីអូស្ត្រាលីរៀបចំ គឺពិតជាមិនចេញសេចក្តីថ្លែងការណ៍រួមបាននោះទេ ៕