ថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេច ហ៊ុន សែន ជំរុញឲ្យជនរួមជាតិផ្តល់ក្តីស្រឡាញ់ជូនដល់ក្រុមគ្រួសារ និងប្រទេសជាតិឲ្យបានច្រើនបំផុត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ កុម្ភៈ ២០១៨) ៖ ក្នុងឱកាសថ្ងៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចថា «ដូចយើងដឹងស្រាប់ហើយ កម្ពុជាយើងចូលឆ្នាំ ក្នុងមួយឆ្នាំបីដង។ ហើយចូលឆ្នាំចិនក៏នឹងមកដល់ស្អែកនេះទៀត។ ក្រៅពីបុណ្យចូលឆ្នាំ ក៏មានបងប្អូនកូនក្មួយមួយចំនួន ចូលរួមអបអរសាទរថ្ងៃបុណ្យគ្រីស្ទម៉ាស និងថ្ងៃនៃក្តីស្រឡាញ់ ដែលចំត្រូវថ្ងៃទី១៤ កុម្ភះ នេះតែម្តង។
ពលរដ្ឋយើងមានសិទ្ធិសេរីភាពគ្រប់យ៉ាង រួមទាំងសិទ្ធិជ្រើសរើសជំនឿសាសនា និងសិទ្ធិចូលរួមប្រាព្ធពិធីបុណ្យទាន ដោយគ្មានការហាមឃាត់ឡើយ។
សូមជនរួមជាតិ និងកូនក្មួយយុវជន យុវតីដែលបានចូលរួមអបអរសាទរ ថ្ងៃនៃក្តីស្រឡាញ់ថ្ងៃនេះ ផ្តល់ជូនឪពុកម្តាយ ជីដូន ជីតា អ៊ុំ ពូមីង បងប្អូន ក្រុមគ្រួសារ ប្តីប្រពន្ឋ មិត្តភក្តិ និងប្រទេសជាតិយើងឲ្យបានច្រើនបំផុត។ សុំកូនក្មួយកុំងាយប្រគល់ខ្លួនអោយបុរសណាទាំងអស់ ក្នុងថ្ងៃនេះ ចៀសវាងវិប្បដិសារីអស់មួយជីវិត។
សូមជនរួមជាតិ និងកូនក្មួយយុវជន បានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ នៅក្នុងថ្ងៃនៃក្តីស្រឡាញ់ នៅក្នុងថ្ងៃនេះគ្រប់ៗគ្នា។ សុំអរគុណជនរួមជាតិ និងកូនក្មួយដែលបានជូនពរខ្ញុំ និងភរិយា»៕