អ្នក​ជំនាញ​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​អនាគត​ស្បៀង​អាហារ​នៅ​អាស៊ី-ប៉ាស៊ីហ្វិក

បាងកក៖ ភាពរាំងស្ងួតនៅសហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌាបាននាំឲ្យតម្លៃ ស្បៀង អាហារ កើនឡើង ហើយបានធ្វើឲ្យអ្នកជំនាញខ្លះព្រមានបណ្តាប្រទេស នៅតំបន់អាស៊ី ប៉ាស៊ីហ្វ៊ិក ឲ្យបង្កើនការវិនិយោគទៅលើវិស័យកសិកម្មបន្ថែមទៀត។ ការផ្លាស់ប្តូរខាង ការទទួលទានអាហារនៅទ្វីបអាស៊ីបានតម្រូវឲ្យមានការនាំចូលអាហារច្រើនជាងមុន ក៏ដូចជាធ្វើឲ្យមានការបារម្ភកើនឡើងអំពីបញ្ហាសន្តិសុខស្បៀងអាហារនាពេលអនាគត។

នៅទូទាំងពិភពលោកមានការផ្តោតកាន់តែខ្លាំងទៅលើបញ្ហានៃការផលិតស្បៀងអាហារ

ឲ្យបានគ្រប់គ្រាន់ខណៈដែលចំនួនប្រជាជនពិភពលោកត្រូវបានទស្សន៍ទាយថា នឹងកើន ដល់ចំនួន៩.០០០លាននាក់នៅត្រឹមឆ្នាំ២០៥០។ អ្នកវិទ្យាសាស្ត្រនិយាយថា ដើម្បីឲ្យអាចបង្គ្រប់តម្រូវការបាន គេត្រូវបង្កើនបរិមាណនៃផលិត ផលស្បៀងអាហារ រហូតដល់៧០%ថែមទៀត។

ថ្វីបើភាពរាំងស្ងួតនៅសហរដ្ឋអាមេរិកនិងប្រទេសឥណ្ឌាបានធ្វើមានវត្ថុធាតុដើមមួយចំនួន ឡើងថ្លៃក្តី ក៏អង្គការស្បៀងអាហារពិភពលោក (FAO) និយាយថា ជាទូទៅបរិមាណផ្គត់ ផ្គង់របស់វត្ថុធាតុដើមសំខាន់ៗមានចំនួនគ្រប់គ្រាន់នៅឡើយ។

ក៏ប៉ុន្តែអង្គការមានមូលដ្ឋាននៅប្រទេសអង់គ្លេសមួយឈ្មោះ មជ្ឈមណ្ឌលសម្រាប់ អនាគតផ្សែងកាបូនទាប (Center for Low Carbon Futures) ដែលជាអង្គការបណ្តាញ សាកលវិទ្យាល័យនិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា នៅក្នុងរយៈពេល១០ឆ្នាំទៀត ដែនដីទ្វីប អាស៊ីមួយផ្នែកធំអាចរងគ្រោះពីភាពរាំងស្ងួតធ្ងន់ធ្ងររយៈពេលវែង។ តំបន់ដែលអាច ត្រូវប៉ះពាល់ខ្លាំងជាងគេនោះរួមមាន ប្រទេសចិនភាគខាងជើង ប្រទេស ឥណ្ឌា អាហ្វហ្គានីស្ថាន ម៉ុងហ្គោលី និងប៉ាគីស្ថាន។ ផ្នែកផ្សេងទៀតរបស់ទ្វីប អាស៊ីអាចជួបប្រទះនឹងរដូវវស្សាកាន់តែវែងនិងមានភ្លៀងជោគជាំ។

លោក Paul Teng សាស្ត្រាចារ្យនិងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ បច្ចេកទេស Nanyang នៅប្រទេសសិង្ហបុរីនិយាយថា ការគំរាមកំហែងពីការប្រែប្រួល អាកាសធាតុពិភពលោក កើតមានឡើងខណៈពេលដែលផលស្រូវនិងស្រូវសាលី បានធ្លាក់ចុះនៅទ្វីបអាស៊ី។

លោកថ្លែងប្រាប់វីអូអេថា៖ «គ្រាន់តែការគិតលេខបន្តិចបន្តួចក៏អាចបង្ហាញច្បាស់ថា យើងនឹងមិន អាចតាមទាន់តម្រូវការទេនៅពេលអនាគត ប្រសិនបើមិនមានការវិនិយោគ ធំដុំដើម្បី បង្កើនផលិតភាពក្នុងលក្ខខណ្ឌដីធ្លីបច្ចុប្បន្ន ឬក៏ប្រសិនបើយើង មិនអាចរក បានដី កសិកម្មថ្មីនោះទេ ឬប្រសិនបើយើងមិនចាប់ផ្តើមប្រើប្រាស់ដែនដីទីក្រុង សម្រាប់កសិកម្មទេនោះ។»

ទ្វីបអាស៊ីនាំចូលជិត៧០%នៃបរិមាណសណ្តែកសៀងពិភពលោកទាំងអស់ ភាគច្រើន ពីទ្វីបអាមេរិកខាងជើងនិងអាមេរិកឡាទីន ហើយនាំចូលប្រហែល៤០%ភាគរយនៃ បរិមាណគ្រាប់ពោតក្នុងពិភពលោក ដែលភាគច្រើនសម្រាប់អាហារសត្វ។

នៅសហរដ្ឋអាមេរិក ពោតបានឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្នុងពេលដែលមានភាព រាំងស្ងួតខ្លាំងបំផុតក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ដោយមានតំបន់ ផលិតពោត ប្រមាណជិត៩០%ស្ថិតនៅក្នុងតំបន់ដែលរងគ្រោះភាពរាំងស្ងួតនេះ។

លោក Teng និយាយថា ភាពរាំងស្ងួតនៅសហរដ្ឋអាមេរិកនិងឥទ្ធិពលរបស់វាចំពោះ តម្លៃស្បៀងអាហារគួរជាការ «ដាស់ស្មារតី»រំឭកដល់បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក។
ដោយ សឹង សុផាត (VOA)

Related Articles

Back to top button
Close
Close