សម្ដេចតេជោ ហ៊ុន សែន ៖ ការបោះឆ្នោតបាន​កំណត់​រួច​ហើយ ​មិន​មាន​អ្វី​ផ្លាស់ប្តូរ​នោះ​ទេ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៨ មករា ២០១៨) ៖ ក្នុងឱកាសអញ្ជើញប្រកាស ផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែមករា នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញកម្ពុជា នាយក​រដ្ឋ​មន្រ្តី​គ្មាន​សិទ្ធិ​លើក​ពេល​ ឬពន្យា​ពេល​ការ​បោះ​ឆ្នោត​ទេ ដូច្នេះការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើស សមាជិករដ្ឋសភា ដែល​បាន​កំណត់​រួច​ហើយ ​មិន​មាន​អ្វី​ផ្លាស់ប្តូរ​នោះ​ទេ។​

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលបានកំណត់រួចហើយ គឺការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ កុម្ភៈ និងការបោះឆ្នោតជ្រើស សមាជិករដ្ឋសភានៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខ ហើយនឹងបន្តធ្វើតាមការគ្រោងទុក ដោយ​មិន​មាន​ការ​លើក​ពេល​ទាំងអស់ ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ ។

សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់បែកនេះបន្ទាប់ពី កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយកាលពីព្រឹកថ្ងៃទី១៨ មករានេះ ថា “នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការបោះឆ្នោតទំនងជាមិនអាចធ្វើទៅបានទេ បើប្រទេសស្ថិតក្នុងស្ថានភាព ច្របូកច្របល់។

សម្ដេចតេជោបញ្ជាក់ថា “យើងប្ដូរផ្តាច់ ជាមួយនឹងដំណើរការ ប្រជាធិបតេយ្យដ៏ទៀងទាត់របស់យើង តាមការគ្រោងទុកពិតប្រាកដរបស់យើង ពិតមែនតែកាលបរិច្ឆេទ ប្រកាសដោយនាយករដ្ឋមន្ត្រី ប៉ុន្តែនាយករដ្ឋមន្ត្រីត្រូវតែ គោរពទៅតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នា​យក​រដ្ឋមន្ត្រីគ្មានសិទ្ធិ ចាត់តាំងបោះឆ្នោតមុនការកំណត់ ហើយនាយករដ្ឋមន្ត្រីក៏គ្មានសិទ្ធិ នឹងចាត់តាំងការបោះឆ្នោត ក្រោយ​ការ​កំណត់​នៃ​រដ្ឋ​ធម្ម​នុញ្ញដែរ​៕

Related Articles

Back to top button
Close
Close